ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយជូនដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងឧបត្ថម្ភថវិកាកសាងវិហារឥស្លាម ក្នុងស្រុកពញាឮ


នាព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល អនុប្រធានសហព័ន្ធសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយចំនួន ៨២កញ្ចប់ ដល់អ្នករងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងឧបត្ថម្ភថវិកាកសាងវិហារឥស្លាមចំនួន២៨០០០០០រៀល ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
ពិធីនេះក៏មានការចូលរួម ឯកឧត្តមវេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេជ្ជ.ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងាសាធារណៈ និងលោកស្រី ហោចន្ថា អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋាន ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបានប្រសាសន៍ថា អំណោយទាំងនេះសម្រាប់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈពេល ពិសេសសម្រាប់អ្នកខ្វះខាត និងប៉ះពាល់មុខរបរផ្សេងៗ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាកក្នុងគ្រាមានអាសន្ន ។

អំណោយដែលបានផ្តល់ជូន រួមមាន អង្ករ ១២៣០គីឡូក្រាម មីចំនួន ២៨កេស អំបិល ៨២គីឡូក្រាម ប្រេងឆា ៨២ដប ត្រីខ ចំនួន ២៣៦កំប៉ុង ទឹកត្រី ចំនួន ៣២៨ដប និងថវិកាចំនួន២,៨០០,០០០រៀល ។