ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងសាងសង់ផ្លូវមួយខ្សែប្រវែង១៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង៧៨លានដុល្លារ នៅក្នុងខេត្តកោះកុង នាដើមខែវិច្ឆិកា ឆ្នាំ២០២១ ថវិកាសម្រាប់ធ្វើផ្លូវនេះ គឺបានពីកម្ចីរបស់សាធារណរដ្ឋកូរ៉េ។
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែង១៤៨គីឡូម៉ែត្រ នៅខេត្តកោះកុង ក្រសួងសាធារណការនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១។ ផ្លូវមួយខែ្សមួយនេះ នឹងតភ្ជាប់ពីឃុំចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ឯកឧត្តម ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ជាមួយតំណាងក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធនានា តាមប្រព័ន្ធអនឡាញ(Zoom) នៅថ្ងៃទី២៣សីហា នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជក់ថា គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប ៧៨,៣៩៨ ៧៤១.៥៣ដុល្លារអាមេរិក បើតាមឯកឧត្តមរដ្ឋមន្រ្តីសាធារណការ ក្នុងចំណោមថវិកាទាំងនេះ មានជិត៦៦លានដុល្លារ មូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច(The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ និងជាង១៣លានដុល្លារទៀត គឺជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តរៀបរាប់ថា ការសាងសង់ផ្លូវជាតិលេខ៤៨នេះ នឹងកែសម្រួលចំណុចផ្លូវប្រសព្វចំនួន៥កន្លែង ដោយនៅក្នុងនោះមានចំការហ្លួង, ស្រែអំបិល, ផ្លូវបំបែកចូលទៅគីរីសាគរ, ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី និងផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ។ លើសពីនេះ គម្រោងធ្វើផ្លូវនេះ ក៏មានសាងសង់ស្ពានថ្មី, ប្រព័ន្ធបង្ហូររំដោះទឹក, បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍, កំណត់ល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំណត់ល្បឿង៦០គីឡូម៉ែត្រក្នុងមួយម៉ោង…ជាដើម។ ការសាងសង់ផ្លូវនេះ គឺប្រើពេល៣២ខែ ដោយគិតចាប់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២១ តទៅ។ នេះជាសម្តីរបស់លោក ស៊ុន ចាន់ថុល។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការថ្លែងថា ផ្លូវមួយខ្សែនេះ គឺជាផ្នែកមួយនៃផ្លូវហាយវ៉េ( High Way) អាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ពីកម្ពុជាទៅប្រទេសថៃ និងភ្ជាប់ពីភាគខាងកើតទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា៕

