ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា ១៥៣៤ករណីហើយ រហូតមកដល់ពេលនេះ


ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា ចំនួន ១៥៣៤ករណីហើយ គិតត្រឹមនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ដែលមេរោគនេះបានគ្រប់ដណ្តប់ស្ទើរទូទាំងរាជធានីខេត្ត លើកលែងតែខេត្តចំនួន២ប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីប្រកាសបានបញ្ជាក់ថា រាជធានី ខេត្ត ដែលមានការឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ច្រើនជាងគេមានដូចជា រាជធានីភ្នំពេញ ៤៥០នាក់ បន្ទាយមានជ័យ ២៨៦នាក់ ឧត្តរមានជ័យ២០៧នាក់ និងសៀមរាប ១៧៨នាក់ជាដើម ខណៈដែលដទៃទៀតមានមេរោគនេះក្នុងកម្រិតតិចតួច និងក្រោម១០០ករណី។ ដោយឡែកខេត្តដែលមិនទាន់មានឆ្លងមេរោគថ្មីនេះ គឺខេត្តកែប និងខេត្តក្រចេះ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅ ទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។ ព្រមទាំងអំពាវនាវឱ្យចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ៣កុំ និង៣ការពារផងដែរ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួម អនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើ៣ការពារ និង៣កុំ ដើម្បីការពារ បុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅ ដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕