សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែសីហានេះ។

អនុក្រឹត្យនេះ កំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange “CamDX”) ប្រកបដោយសុវត្ថិភាព តម្លាភាព និង គណនេយ្យភាព ព្រមទាំងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជំរុញការទទួលយក និង បរិវត្តកម្មឌីជីថលស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា៕