ឧត្តរមានជ័យ)៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ គឺជាបេសកកម្មថ្ងៃទី២ របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជា ក្នុងការនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនលោកតា លោកយាយដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩។
បេសកកម្មថ្ងៃទី២នេះ ផ្ដើមចេញពីខេត្តបាត់ដំបង នាព្រឹកព្រលឹម រហូតបញ្ចប់នៅវេលាម៉ោងប្រមាណជាង៨យប់ បន្ទាប់ពីអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានផ្ដល់ជូនលោកតា និងលោកយាយ សរុបចំនួន១០នាក់ នៅខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។ ខណៈបេសកកម្មនេះនឹងបន្ដទៀត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅខេត្តព្រះវិហារ។
លោកតា លោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន នូវថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតនោះ រួមមាន៖
* ទី១៖ លោកតា អឿ យុន អាយុ១០២ឆ្នាំ រស់នៅភូមិកំប៉ងលិច ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី២៖ លោកយាយ វ័ន នូវ អាយុ១០២ឆ្នាំ រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៣៖ លោកយាយ ចាយ គឹមអ៊ន អាយុ១០០ឆ្នាំ រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៤៖ លោកយាយ យឿន វីន អាយុ១០៨ឆ្នាំ រស់នៅភូមិតាគ្រាម ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៥៖ លោកយាយ ហង់ អួច អាយុ១០៨ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
* ទី៦៖ លោកយាយ ស៉ឹម ស៊ាន អាយុ១០៣ឆ្នាំ រស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
* ទី៧៖ លោកតា ប៉ែន មួន អាយុ១០២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
* ទី៨៖ លោកយាយ យឿន អេះ អាយុ១០១ឆ្នាំ រស់នៅភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
* ទី៩៖ លោកយាយ ឈើយ យឹប អាយុ១០៥ឆ្នាំ រស់នៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
* ទី១០៖ លោកយាយ សូរ ញ៉ាង់ អាយុ១០១ឆ្នាំ រស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា និងលោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីបានជាពួកគាត់ទៅចាក់វ៉ាក់សាំង។
លោកតា លោកយាយ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់ បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ជាការកត់សម្គាល់ចំពោះស្ថានភាពសុខភាពរបស់ពួកគាត់ បន្ទាប់ពីទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសភាពល្អប្រសើរ មិនមានអ្វីប្រែប្រួលនោះទេ។
ពួកគាត់បានអះអាងទៀតថា មូលហេតុដែលនាំឲ្យពួកគាត់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ដោយសារតែភ័យខ្លាចការឆ្លងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល។
សូមជម្រាបថា បេសកកម្មពេញមួយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារដែលដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានធ្វើដំណើររាប់រយគីឡូម៉ែត្រ ដោយប្រើប្រាស់ពេលជាច្រើនម៉ោង តាំងពីព្រលឹម រហូតដល់យប់។
បេសកកម្មនេះ គឺផ្ដើមចេញពីខេត្តបាត់ដំបង បន្ដទៅខេត្តប៉ៃលិន ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ទើបបន្ដមកខេត្តឧត្ដរមានជ័យ ហើយតាមផែនការក្រុមការងាររបស់លោកស្រី ឱ វណ្ណឌីន នឹងបន្ដដំណើរទៅខេត្តព្រះវិហារនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១៕