អ្នកនាំពាក្យក្រសួងការបរទេស ៖ ការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន គឺឈរលើគោលការណ៍មនុស្សធម៌


រដ្ឋលេខាធិការក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះថា ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកជនភៀសខ្លួន អាហ្វហ្គានីស្ថានមកស្នាក់នៅជាបណ្តោះអាសន្ននៅកម្ពុជា គឺធ្វើឡើងដោយឈរលើគោលការណ៍មនុស្សធម៌។

ឯកឧត្តមបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីសម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសនៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ថានឹងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណ ៣០០នាក់ មកស្នាក់នៅជាបណ្តោះអាសន្ន មុននឹងស្វែងរកការធ្វើដំណើរទៅប្រទេសទី៣។

ដោយឡែកចំពោះពេលវេលាជាក់លាក់នៃការមកដល់របស់ជនភៀសខ្លួនវិញ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ៖ “ខ្ញុំគ្រាន់តែដឹងថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ក្រោមហេតុផលមនុស្សធម៌ប៉ុណ្ណោះ។ ចំពោះព័ត៌មាននៃការមកដល់ ខ្ញុំមិនមានទេ”។

គួរបញ្ជាក់ផងដែរ បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថានត្រូវបានកាន់កាប់ឡើងវិញដោយក្រុមតាលីបង់ ប្រជាជនរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសនេះ៕