ម្ចាស់ក្សត្រីយ៍នៃប្រទេសថៃ គ្រោងនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចចំនួន ៣ថ្ងៃ នៅកម្ពុជា នាសប្តាហ៍ក្រោយនេះ ។
យោងតាមក្រសួងការបរទេសកម្ពុជា ព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិន ថន នឹងធ្វើចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ ២០១៦ ។ ព្រះរាជដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រីថៃ បានធ្វើតាមរយៈការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមកម្មវិធី ម្ចាស់ក្សត្រីយ៍នឹងយាងបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងយាងជួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោសែន និង ព្រះអង្គម្ចាស់ក្សត្រីយ៍ សារិនថន នឹងធ្វើជាអធិបតីភាពក្នុងព្រះរាជពិធីបញ្ចុះបឋមសីលាសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ ។
ក្នុងព្រះរាជទស្សនកិច្ច ៣ថ្ងៃ នៅកម្ពុជាផងដែរ ម្ចាស់ក្សត្រីប្រទេសថៃ និងរដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា ឯឧត្តម ហង់ ជួនណារ៉ុន នឹងចូលរួមធ្វើជាអធិបតី ក្នុងព្រះរាជពិធីប្រគល់អគារប្រើថាមពលពន្លឺព្រះអាទិត្យ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល នៅខេត្តកំពង់ធំ ។
ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន នឹងយាងចូលក្នុងព្រះរាជពិធីសម្ភាធមណ្ឌលសុខភាព នៅខេត្តរតនគិរី និងយាងទតសាលាបឋមសិក្សាមួយចំនួនទៀត នៅតាមខេត្តនានាផងដែរ ៕