ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពី ការបើកសាលាសាកល្បងឡើងវិញ


ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សា ការអនុវត្តសេចក្តីណែនាំ របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ដោយយោងតាម សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមាន ហានិភ័យទាប ដើម្បីត្រៀមបើកសាលាសាកល្បងឡើងវិញរដ្ឋបាលខេត្ត នឹងជ្រើសរើស យកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការ សាកល្បងមុនគេ និងឈានទៅបើកសាលា បន្តបន្ទាប់យោងតាមស្ថានភាពសមស្រប។ ក្នុងដំណាក់កាលដំបូងនេះរដ្ឋបាលខេត្ត ផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ព្រោះថា ជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រនាពេលខាងមុខ ដោយគ្រោង បើកសាកល្បងដំបូង ចំនួន៥សាលានៅតាមក្រុង ស្រុកទាំង៥ មានដូចជា៖ ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ, ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់, ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ, ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុ វិទ្យាល័យព្រែកស្វាយ ក្រុងកោះរ៉ុង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបាលខេត្ត បានធ្វើការណែនាំដល់ប្រធាន មន្ទីរអប់រំយុវជន និងកីឡា ក៏ដូចជាអាជ្ញាធរ មុននឹងបើកសាលាសាកល្បងឡើងវិញ យើងត្រូវអនុវត្តន៍ទៅតាមនីតិវិធីស្តង់ដារ ប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ដូចជា៖ យកសំណាកធ្វើតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ ចំពោះសិស្ស និងគ្រូ ដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញរបស់យើង មិនមានហានិភ័យនៃការឆ្លងជំងឺនេះ។ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការ ចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន។ ចំពោះសិស្ស និងគ្រូដែលមិនបានចាក់វ៉ាក់សាំងមិនអនុញ្ញាតឱ្យចូលរៀន និងបង្រៀននោះទេ ប្រសិនបើមិន មានការបញ្ជាក់ហេតុផលច្បាស់លាស់ ។ ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃដាក់នៅតាមមុខថ្នាក់រៀន ដើម្បីឱ្យសិស្ស និងគ្រូលាងសម្អាតដៃ មុនពេលចូលសាលា និងត្រូវរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គមជាចម្បង ត្រូវអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង៣.កុំ របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា។ អង្គប្រជុំបានសម្រេចដាក់ឱ្យបើកដំណើរការសាលាទាំង៥ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ផែនការនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នឹងចុះត្រួតពិនិត្យការរៀបចំ និងដាក់ឱ្យអនុវត្តន៍នីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមសាលាទាំង៥ មុនបើកឱ្យដំណើរការ ដើម្បីឱ្យប្រាកដថាមិនមានចំណុចខ្វះខាត និងធានាបានសុវត្ថិភាពចំពោះសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើង និងបន្តឈានទៅបើកសាលានានាក្នុងខេត្តព្រះសីហនុ បន្តទៀតតាមតំបន់ដែលគ្មានហានិភ័យការឆ្លងជំងឺកូវីដ-១៩៕