អ្នកនាំពាក្យCPP ព្រមានគណបក្សប្រឆាំង រឿងចង់កាន់កាប់ព្រឹទ្ធសភា ខណៈទទួលបាន ឃុំ/សង្កាត់ភាគតិច


 

(ភ្នំពេញ) អ្នកនាំពាក្យគណបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានព្រមានដល់មន្រ្តី គណបក្សប្រឆាំង ចំពោះការប៉ុនប៉ងកាន់កាប់ស្ថាប័ន ព្រឹទ្ធសភាទាំងមូល ខណៈដែលគណបក្សនេះ បានទទួលសំឡេងភាគតិចនៅឡើយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ ដែលទទួលបានមិនដល់៥០០ឃុំ/សង្កាត់ផងនោះ ក្នុងចំណោមឃុំ/សង្កាត់ ចំនួន១៦៤៦ នៅទូទាំងប្រទេស។

ជាមួយនឹងប្រតិកម្មតាមសារអេឡិចត្រូនិកនៅថ្ងៃនេះ ឯកឧត្តម សុខ ឥសាន បានបញ្ជាក់យ៉ាង ដូច្នេះថា «មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រឆាំង កំពុងតែមានមោទនភាព និងក្រអឺតក្រទមខ្លាំងណាស់ ដែលអួតថា បក្សខ្លួនឈ្នះឆ្នោត។ យើងយល់, អ្នកមិនដែលបានមាន កៅអីច្រើនបន្តិចបន្ទួច ដល់បានគ្រាន់បើតែងតែលើសឈាមបែបនេះហើយ។ ឥឡូវកំពុងតែឡើងអឿពីការចង់ទន្ទ្រាន យកស្ថាប័នព្រឹទ្ធសភា ក្រុមប្រឹក្សាស្រុក/ខណ្ឌទៀត»។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា «សូមកុំយល់ច្រឡំឲ្យសោះ បានឈ្នះប៉ុណ្ណេះ កុំអាលជ្រួលច្របល់ កុំអាលប្រកាច់ធ្វើអី គិតមើលមើល តើក្នុងស្ថាប័នព្រឹទ្ធសភា បានប៉ុន្មាន? មិនទាន់បាន ពាក់កណ្តាលផងទេ។ ចំណែកគណបក្សប្រជាជន បានជាងពាក់កណ្តាល ហើយបើបូកនឹង២កូតាពីព្រះរាជវាំង និង២កូតាមកពី រដ្ឋសភាទៀត ឃើញថាមានសំឡេងជាងពាក់កណ្តាលទៅហើយ។ ដូច្នេះកុំសង្ឃឹមថា អាចរារាំងដំណើរទៅមុខរបស់ជាតិបានឲ្យសោះ។ ចំណែកឯ ក្រុមប្រឹក្សាស្រុក ខណ្ឌ ក៏យ៉ាងដូច្នេះដែរ មិនអាចទន្ទ្រានយកបាន ដោយងាយៗនោះទេ»។