សាលារៀនចំនួន៦ ជាប់ជ័យលាភីសាលាមេត្រីបរិស្ថាននៅកម្ពុជាឆ្នាំ២០២១


សាលាបឋមសិក្សាចំនួន៣និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១។ សាលាជ័យលាភីទាំង ៦ នោះរួមមានសម្រាប់កម្រិតបឋមសិក្សា ១)-សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស ២)-សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ ៣)-សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ និងសម្រាប់កម្រិតមធ្យមសិក្សា ១)-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស ២)-វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ ៣)-វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី ៨ -៩ ខែកញ្ញា ឆ្នាំ​២០២១នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ និងវិញ្ញាប័នបត្រព្រមទាំងថវិកាមួយចំនួនដល់ជ័យលាភីមេដាយមាសរបស់សាលាបឋមសិក្ស វត្តចែង ខេត្តបាត់ដំបង និង ជ័យលាភីមេ ដាយសំរិទ្ធ របស់វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ជាពិសេសគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថានដែលបានផ្តល់កិច្ចសហ ការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងការរៀបចំការប្រឡងប្រណាំងសាលាមេត្រីភាពបរិស្ថានចំនួន ៣ លើកមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន ក៏សម្តែងនូវការកោតសរសើរខ្ពស់ចំពោះសាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន ៤៨ ដែលបានចូលរួម ក្នុងចលនាប្រឡងប្រណាំងមេត្រីភាពបរិស្ថាននៅឆ្នាំ ២០២១ នេះដែលជាការប្រកួតប្រជែងសាលាមេតីបរិស្ថានរៀងរាល់ ២ ឆ្នាំម្តង លើកទី៣។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថាការរៀបចំផ្តល់តម្លៃសាលាមេត្រីបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ និងចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរឡើងថែមទៀត។ ដូចនេះ សាលារៀនចាំបាច់ត្រូវសហការជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍ អាណាព្យាបាលសិស្ស ដើម្បីធានាឱ្យបាននូវការអប់រំបរិស្ថាន ដើម្បីមូលដ្ឋានស្អាត សុខភាពល្អ និងមានការអភិវឌ្ឍរុងរឿង។
សូមបញ្ជាក់ថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព។
លក្ខខណ្ឌវិនិច្ឆ័យទាំង ៤ ចំណុចនៃសាលាមេត្រីបរិស្ថានរួមមាន ទី១) មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២) មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣)មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍៕