សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ


នៅវិមានសន្តិភាព រសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Mitsuhiro Furusawa អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។

លោក Mitsuhiro Furusawa បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់កម្ពុជា។ ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ លោក Mitsuhiro Furusawa បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបាន អបអរសាទរចំពោះស្ថេរភាពនយោបាយនូវកម្ពុជា ដែលធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលអនុវត្ត បាននូវកំណើនសេដ្ឋកិច្ចយ៉ាងល្អ។ IMF នឹងបន្តកិច្ចសហប្រតិបត្តិការ និងបន្តជួយកម្ពុជាថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាកាយវិការរបស់ IMF ក្នុងការជួយដល់កម្ពុជា ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចផង និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចផង។ សម្តេចតេជោ បានថ្លែងអំណរ គុណចំពោះ IMF ដែលកន្លងមកធ្លាប់បានលុបចោលនូវបំណុលរបស់កម្ពុជាហើយបំណុលទាំងអស់ នោះ ត្រូវបានបង្វែរទៅជួយដល់ប្រព័ន្ធស្រោចស្រប សម្រាប់វិស័យកសិកម្មកម្ពុជា។ ឆ្លៀតក្នុងឱកាស នេះដែរ សម្តេចតេជោ បានជម្រាបជូនលោក Mitsuhiro Furusawa អំពីការគ្រប់គ្រងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាគោលនយោបាយឧស្សាហកម្មកម្ពុជា រួមទាំងនយោបាយឆ្ពោះទៅខាងក្រៅរបស់កម្ពុជាដើម្បី ពង្រឹងគ្រឹះសេដ្ឋកិច្ចអោយកាន់តែរីកចម្រើននិងរឹងមាំ៕