រដ្ឋបាលខេត្តកំពត គ្រោងបើកសាលាឱ្យសិស្សានុសិស្សចូលរៀនវិញឆាប់ៗខាងមុខនេះ


(កំពត)៖ រដ្ឋបាលខេត្តកំពត គ្រោងបើកសាលារៀនឱ្យសិស្សានុសិស្ស បានចូលសិក្សាឡើងវិញ នាពេលឆាប់ៗខាងមុខនេះ ដោយយោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីសាលាទូទាំងប្រទេសបានបិទមួយរយៈ ដោយសារការរាតត្បាតជំងឺឆ្លងកូវីដ១៩។

ការគ្រោងបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពត នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។

អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានលើកឡើងថា ដើម្បីឆ្លើយតប និងអនុវត្តន៍ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងស្រង់ទិន្នន័យ ពីស្ថានភាពជាក់ស្តែង ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ ដោយឡែកក្នុងភូមិសាស្ត្រខេត្តកំពត។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តក៏បានស្នើ៖

ទី១៖ ស្នើមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវវាយតម្លៃអំពីសាលា ដែលត្រូវបើកដំណើរការឡើងវិញ ឲ្យបានច្បាស់លាស់ក្នុងការធានាកុំឲ្យមានបញ្ហាប្រឈម ឬហានិភ័យកើតឡើង ដោយត្រូវយកសេចក្តីណែនាំ លេខ៤៦ របស់ក្រសួងអប់រំយុវជន និងកីឡា ទៅអនុវត្តឲ្យបានហ្មត់ចត់។

ទី២៖ លោក លោកស្រី អភិបាលស្រុក ក្រុង ត្រូវវាយតម្លៃអំពីស្ថានភាពជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ ក្នុងការលើកសំណើបើកសាលាឡើងវិញ ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ព្រមទាំងត្រូវជំរុញឲ្យមានការសំអាតសាលារៀនឲ្យបានគ្រប់សាលាទាំងអស់។

ទី៣៖ ក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយឲ្យកុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ មកចាក់វាក់សាំងពាក់ព័ន្ធជំងឺឆ្លងកូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវរៀបចំស្ថិតិនៃការចាក់វាក់សាំងឲ្យបានច្បាស់លាស់។

ទី៤៖ មណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង ស្រុក ដែលកំពុងដំណើរការ សូមរក្សាសិន រង់ចាំពិនិត្យឡើងវិញ នៅពេលក្រោយបន្តទៀត។

ទី៥៖ សូមពន្លឿនធ្វើផែនការបើកសាលាឡើងវិញឲ្យបានលឿន៕