កាកបាទក្រហមនាំអំណោយជូនជនពិការ


Red Donat 17 02 16 2 copy

     កាក​បាទ​ក្រហម​កម្ពុជា បាន​នាំ​យក​អំណោយ​ជូន​ជន​ពិការ​ចំនួន ​៥២​នាក់ ​នៅ​ខេត្ត​កណ្តាល​ ។ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នេះ​គណៈ​ប្រតិ​ភូ​កាក​បាទ​ក្រហម​កម្ពុជា បាន​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ និង​ប្រគល់​អំណោយ​មនុស្ស​ធម៌​កាក​បាទ​ក្រហម​កម្ពុជា ជូន​ដល់​សមាគម​តន្រ្តី សំនៀង​ជន​ពិការ ដែល​មាន​សមាជិក​-​សមាជិកា និង​បុគ្គលិក នៃ​ជន​ពិការ​​ចំនួន ៥២​នាក់ មាន​ទី​តាំង​បណ្តោះ​អាសន្ន​នៅ​ភូមិ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។

     ក្រុម​ជន​ពិការ​ទាំង ​៥២​នាក់​នេះ គឺ​ជា​ក្រុម​ដែល​ចង​ក្រង​គ្នា​ជា​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ តាំង​ពី​ឆ្នាំ​២០១២ ដើម្បី​ស្វែង​រក​ប្រាក់​ចិញ្ចឹម​ជីវិត តាម​រយៈ​ការ​បង្ហើរ​សំនៀង​គ្រប់​ទី​កន្លែង​។ សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​នេះ ធ្លាប់​ទទួល​បាន​អំណោយ​ឧបត្ថម្ភ​ជា​ស្បៀង សម្ភារៈ និង​ថវិកា​ពី​កាក​បាទ​ក្រហម​កម្ពុជា​ចំនួន ​៣​លើក​រួច​មក​ហើយ ដែល​ថ្ងៃ​នេះ​គឺ​ជា​លើក​ទី​៤​ ហើយ​ ។

     អំណោយ​ដែល​បាន​ប្រគល់​ជូន​រួម​មាន​អង្ករ ​២​តោន, មី​ ២៥​កេស, ត្រី​ខ​៣​ កេស, ទឹក​ស៊ី​អ៊ីវ​១២ ​ដប, ទឹក​ត្រី​ ១២​ដប, ប្រេង​ឆា ​២​កេស, ទឹក​បរិសុទ្ធ​ ១០​កេស, ទឹក​ក្រូច ​៦​កេស, សាប៊ូ​កក់​សក់​ ៥​កេស,​ ម្សៅ​សាប៊ូ​ ៣​កេស និង​ថវិកា ​៥​លាន​រៀល​ ។

     ជន​ពិការ​ដែល​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ​ម្នាក់​ៗ ទទួល​បាន​ថវិកា​មនុស្ស​ធម៌ ៥​ម៉ឺន​រៀល ព្រម​ទាំង​សម្ភារៈ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ផង​ដែរ​ ៕

Red Donat 17 02 16 3 copy

Red Donat 17 02 16 4 copy

Red Donat 17 02 16 5 copy