ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី អាចមិនហើយតាមផែនការ


 ID New 17 02 16 2 copy

    ការ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​គំរូ​ថ្មី នឹង​អាច​យឺត​ជាង​ពេល​កំណត់​នៅ​មុន​ ពេល​ដែល​កម្ពុជា​រៀប​ចំ​ការ​បោះ​ឆ្នោត​អ​សកល​ឆ្នាំ ​២០១៧ ​។

     សូម​ជម្រាប​ថា ​ក្រសួង​មហា​ផ្ទៃ មាន​គម្រោង​ធ្វើ​ឱ្យ​ហើយ នូវ​ចំនួន​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី រហូត​ដល់​១០​លាន​ប័ណ្ណ​ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ​ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​ ២០១៧​ ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ អត្ត​សញ្ញា​ប័ណ្ណ​ថ្មី​ចំនួន ​៣​លាន​ទៀត កំពុង​តែ​សម្រុក​ធ្វើ​ឱ្យ​ហើយ​ ។ នាយក​រដ្ឋ​មន្ត្រី​ស្តី​ទី​ សម្តេច​ក្រឡា​ហោម ​ស ខេង ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៥ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៦ និង​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​សិក្ខា​កាម របស់​បណ្ឌិត្យ​សភា​នគរ​បាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នេះ​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ណា​ជា​ធ្វើ​មិន​ហើយ​ក៏​ដោយ អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ដែល​គ្មាន​ប័ណ្ណ​ថ្មី ក៏​នឹង​អាច​បោះ​បាន​ដែរ​​​​ ​។

     គួរ​រំលឹក​ថា ​ទាក់​ទង​នឹង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​នេះ​ផង​ដែរ ក្រសួង​មហា​ផ្ទៃ​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រ​ក្រតី​មួយ​ចំនួន​ពាក់​ព័ន្ធ​ជាមួយ​មន្ត្រី​នគរ​បាល​ និង​សមត្ថកិច្ច​ខ្លះ ដែល​គេ​សង្ស័យ​ថា បាន​ចេញ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ផ្តល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជន​បរទេស​ដោយ​ខុស​ច្បាប់​ ។ ដោយ​សម្តេច​ក្រឡា​ហោម​កាល​ពី​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទាំង​នោះ នឹង​ជៀស​មិន​ផុត​ពី​ការ​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​នឹង​ត្រូវ​ដាក់​ទោស​តាម​ច្បាប់​ ។

     ក្រសួង​មហា​ផ្ទៃ បាន​កំណត់​គោល​ការណ៍​ដល់​ប៉ូលិស​ខេត្ត​រាជធានី ស្រុក​ក្រុង​ខណ្ឌ និង​ឃុំ​សង្កាត់ ឲ្យ​បង្កើន​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​គ្រប់​ៗ​គ្នា ព្រោះ​អត្ត​សញ្ញាណ​ប័ណ្ណ​នោះ ដើម្បី​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ ចំណែក​សេវា​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ គឺ​តម្លៃ​ត្រឹម​តែ ១​ម៉ឺន​រៀល​ប៉ុណ្ណោះ សម្រាប់​ម្នាក់​ ៕

ID New 17 02 16 3 copy

ID New 17 02 16 4 copy