សំណង់អគារកម្ពស់ ៥០០ម៉ែត្រ សាងសង់ឆ្នាំ២០១៦


Tall Building 17 02 16 2 copy

     អគារ​ភ្លោះ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី​ ត្រូវ​គេ​គ្រោង​នឹង​សាង​សង់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​និង​ធ្វើ​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ​ ។ អគារ​ភ្លោះ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ថៃ​ប៊ុន​រ៉ុង នឹង​មាន​ចំនួន ​១៣៣​ជាន់ កំពស់ ​៥០០​ម៉ែត្រ និង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​ ។

     មន្ទីរ​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​ក្រុង​ភ្នំពេញ​ បាន​សម្រេច​អនុម័ត​យល់​ព្រម​លើ​គម្រោង​សាង​សង់​អគារ​ភ្លោះ​នោះ​ហើយ ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត ឌ្រីម​លែន នៅ​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ យោង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​ហ៊ុន​បណ្តាក់​ទុន​វិនិយោគ​ថៃ ប៊ុន​រ៉ុង ខូ​អិល​ធីឌី ដែល​តំណាង​ដោយ​ លោក​ឧកញ៉ា ខូវ សម្បត្តិ និង​ក្រុម​ហ៊ុន​របស់​ចិន ។

     គម្រោង​សាង​សង់ «​អគារ​ភ្លោះ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ថៃ ប៊ុន​រ៉ុង» គ្រោង​នឹង​ចាប់​ដំណើរ​ការ​សាង់​សង់​នៅ​ដើម​ឆ្នាំ ២០១៦​នេះ លើ​ផ្ទៃ​ដី​ទំហំ ៥​ហិកតា ហើយ​នឹង​ចំណាយ​ពេល​សាង​សង់​រយៈ ពេល ៣​ឆ្នាំ ដោយ​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១៩​ ។ តាម​ការ​សិក្សា​វាយ​តម្លៃ​ជំហាន​ដំបូង ពី​ក្រុម​មន្ត្រី​ជំនាញ​គម្រោង​វិនិយោគ សំណង់​អគារ​ភ្លោះ​នោះ  អាច​នឹង​ត្រូវ​ចំណាយ​ទុន​យ៉ាង​ហោច​ណាស់​ជាង​ ១​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ គម្រោង​នេះ គឺ​ជា​គម្រោង​ដ៏​ធំ​បំផុត​នៅ​អាស៊ី ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ពី​មុខ​មាត់ និង​លំនឹង​សេដ្ឋ​កិច្ច​កម្ពុជា​លើ​វិស័យ​សំណង់ ដែល​កំពុង​មាន​ការ​រីក​ចម្រើន និង​ទាក់​ទាញ​ការ​វិនិយោគ​ថ្មី​ៗ កាន់​តែ​ច្រើន​បន្ថែម​ទៀត​។ តាម​របាយ​ការណ៍ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​រាជធានី​ភ្នំពេញ​ មាន​សំណង់​អគារ​ខ្ពស់​ៗ ចាប់​ពី​កម្ពស់ ៥​ជាន់ ដល់​លើស​ពី ៤០​ជាន់​ឡើង​ទៅ​មាន​ចំនួន​៦២៨​ អគារ​ហើយ​ ។

Tall Building 17 02 16 3 copy