កិច្ចប្រជុំកំពូលអាស៊ានអាម៉េរិកចាប់ផ្តើម


Asean-US meeting 17 02 16 2 copy

     កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក បាន​ប្រ​ព្រឹត្ត​ទៅក្រោម​អធិប​តី​ភាព​ ប្រ​ធានា​ធិបតី​សហ​រដ្ឋ​អាម៉េរិក ​និង​មេ​ដឹក​នាំ​ប្រទេស​អាស៊ាន​ទាំង​១០ បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​ពី​អនាគត​នៃ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និង​ករណី​ការពារ​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ផង​ដែរ​ ។

     លោក​ប្រ​ធានា​ធិបតី​សហ​រដ្ឋ​អាម៉េរិក បារ៉ាក់​ អូបាម៉ា ក្នុង​ប្រសាសន៍​ថ្លែង​បើក​កិច្ច​ប្រជុំ​កំពូល បាន​ប្រាប់​មេ​ដឹក​នាំ​ប្រទេស​ទាំង​១០ នូវ​បំណង​របស់​សហ​រដ្ឋ​អាម៉េរិក ​ដែល​ចង់​រក​តុល្យភាព​សា​ឡើង​វិញ​ នូវ​នយោបាយ​ការ​បរទេស​ក្នុង​តំបន់ ​។ សហ​រដ្ឋ​អាម៉េរិក​ក៏​ជា​ប្រទេស​មួយ ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ផង​ដែរ ​។ លោក​ប្រ​ធានា​ធិបតី​បាន​ថ្លែង​ទៀត​ថា ដើម្បី​តុល្យភាព​នយោបាយ​ការ​បរទេស​នេះ សហ​រដ្ឋ​អាម៉េរិក នឹង​ត្រូវ​រក​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​នឹង​ប្រទេស​អាស៊ាន​ និង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត ​ក្នុង​ការ​ប្រើ​ប្រាស់​តួនាទី​អាម៉េរិក​ ដើម្បី​អោយ​ធំ​ធេង​ជាង​នេះ​ និង​យូរ​អង្វែង​ទៅ​អនាគត​ ។

     លោក​ ប៉ារ៉ាក់ អូបាម៉ា បាន​បញ្ជាក់​ទៀត​ថា ការ​ប្រើ​ប្រាស់​តួនាទី​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក រួម​មាន​បទ​ដ្ឋាន​ការ​អនុ​វត្តន៍​ច្បាប់​អន្តរ​ជាតិ ​និង​សេរី​ភាព​នៃ​ការ​ធ្វើ​ដំណើរ​លើ​ផ្ទៃ​សមុទ្ធ​អន្តរ​ជាតិ និង​ការ​ដោះ​ស្រាយ​ជម្លោះ​តាម​រយៈ​មធ្យោ​បាយ​ច្បាប់​ និង​ដោយ​សន្តិភាព​ថែម​ទៀត​ ។ ​ការ​ចូល​រួម​ជា​មួយ​គ្នា​ដើម្បី​ប្រឈម​ដោះ​ស្រាយ​បញ្ហា​កើត​ឡើង​ក្នុង​ពិភព​លោក ដោយ​លោក​ធ្វើ​ការ​បញ្ជាក់​ថា ​មិន​អាច​មាន​ប្រជា​ជាតិ​តែ​ម្នាក់​ឯង​ណា​មួយ ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​នោះ​ទេ​ ។ លោក​បាន​លើក​ពី​កត្តា​ប្រឆាំង​អំពើ​ភេរវ​កម្ម និង​ហេតុ​ការណ៍​កើត​ឡើង​ថ្មីៗ​ ដោយ​អំពើ​ភេរវ​កម្ម​ក្នុង​ពិភព​លោក​ដើម្បី​ការ​រួម​គ្នា​ប្រឆាំង​នឹង​អំពើ​ទាំង​ឡាយ​នោះ​ ។

     នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​នោះ​ដែរ មេ​ដឹក​នាំ​ទាំង​អស់ បាន​អះ​អាង​ជា​ថ្មី​នូវ ​គោល​ការណ៍​សំខាន់ ដែល​នឹង​កំណត់​កិច្ច​សហ​ប្រតិបត្តិ​ការ​ឆ្ពោះ​ទៅ​មុខ ពិសេស​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ឯកភាព​អធិបតេយ្យ​ភាព និង​ភាព​ស្មើ​គ្នា​នៃ​រដ្ឋ​ទាំង​អស់ ពិសេស​លើ​សារៈ​សំខាន់​នៃ​វិបុល​ភាព​រួម​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​ចិរភាព និង​ដោយ​រួម​បញ្ចូល​គ្នា និង​ការ​បណ្តុះ​បណ្តាល​អ្នក​ដឹក​នាំ​វ័យ​ក្មេង ដើម្បី​រក្សា​នូវ​សន្តិភាព ការ​អភិវឌ្ឍ​និង​ស្ថិរ​ភាព​តំបន់ ​។

     សម្តេច​តេ​ជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​ទៅ​កាន់​មេ​ដឹក​នាំ​អាស៊ាន សហ​រដ្ឋ​អាម៉េរិក ដោយ​ផ្តល់​នូវ​ចំណុច​គន្លឹៈ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ការ​ពង្រឹង​… ការ​ចែក​រំលែក​ព័ត៌មាន និង​បណ្តាញ​ទំនាក់​ទំនង ដើម្បី​ជំរុញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ និង​ភាព​ប៉ិន​ប្រសប់​នៅ​ក្នុង​ស្ថាប័ន​ឧត្តម​សិក្សា និង​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ ។ សម្តេច​បាន​មាន​ប្រសាសន៍​ អំពី​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​… ការ​សំរប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​… និង​ការ​គាំ​ទ្រ​តាម​រយៈ​គោល​នយោបាយ​ផ្សេង​ៗ សម្រាប់​ការ​ស្រាវ​ជ្រាវ និង​ការ​អភិវឌ្ឍ​សហ​គ្រាស ​។ សម្តេច​បាន​មាន​ប្រសាសន៍​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ​លើ​ការ​អភិវឌ្ឍ​កិច្ច​ការ​ស្រាវ​ជ្រាវ និង​ការ​បង្កើត​សួន​បច្ចេក​វិទ្យា មន្ទីរ​ពិសោធន៍​ស្រាវ​ជ្រាវ​រួម​គ្នារ​វាង​រដ្ឋាភិ​បាល​ និង​សាជីវ​កម្ម​អាស៊ាន និង​សហ​រដ្ឋអាម៉េរិក​… ការ​ពង្រឹង​ការ​ត​ភ្ជាប់​រវាង​បណ្តាញ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍ រវាង​អាស៊ាន​និង​សហ​រដ្ឋ​អាមេរិក តាម​រយៈ​រដ្ឋាភិ​បាល ក្រុម​ហ៊ុន និង​សកល​វិទ្យា​ល័យ​ក្នុង​វិស័យ​សំខាន់​ៗ​ ដូច​ជាៈ ​សុខា​ភិបាល និង​វេជ្ជ​សាស្រ្ត​ជា​ដើម និង​ការ​បង្កើត​កម្ម​វិធី​ជំរុញ​ការ​ចូល​រួម​របស់​អាស៊ាន ក្នុង​បណ្តាញ​ផលិត​កម្ម​ និង​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​តំបន់ និង​សកល​រួម​បញ្ចូល​ទាំង​ការ​រួម​គ្នា​ ទាក់​ទាញ​ក្រុម​ហ៊ុន​នាំ​មុខ​ក្នុង​វិស័យ​បច្ចេក​វិទ្យា ឲ្យ​មក​វិនិយោគ​នៅ​ក្នុង​តំបន់ ព្រម​ជាមួយ​នឹង​ការ​បង្កើត​ឧស្សាហ​កម្ម​ជា​ចង្កោម និង​ឧស្សាហ​កម្ម​គាំទ្រ​ក្នុង​អាស៊ាន​ ។

     លោក​ប្រ​ធានា​ធិបតី​អាម៉េរិក បាន​លើក​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម TPP Trans-Pacific-Partnership មាន​ន័យ​ថា ភាព​ជា​ដៃ​គូ​ប្រទេស​ឆ្លង​កាត់​ប៉ាស៊ី​ហ្វិក និង​លោក​បាន​លើក​ពី​ប្រទេស​វៀតណាម ព្រុយ​ណេ សឹង្ហបុរី និង​ម៉ាឡេ​ស៊ី និង​កិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ទាំង​៤​ នោះ​ ក្នុង​ការ​ចូល​រួម​ពាណិជ្ជ​កម្ម​TPP ដែល​បង្កើត​ដោយ​សហ​រដ្ឋ​អាម៉េរិក​នេះ​ ។

     សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​ក្នុង​ហ្វេស​ប៊ុក​ថា​ កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-អាមេរិក ​នេះ​ បាន​ប្រ​ព្រឹត្ត​ក្នុង​ស្មារតី សាមគ្កី​ភាព​និង​ការ​ទទួល​ខុស​ត្រូវ​ ។ សម្តេច​ និង​គណៈ​ប្រតិភូ នឹង​អញ្ជើញ​វិល​មក​ដល់​កម្ពុជា​វិញ ​នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ ​។

Asean-US meeting 17 02 16 3 copy

Asean-US meeting 17 02 16 4 copy

Asean-US meeting 17 02 16 5 copy