រដ្ឋមន្ត្រីក្រសួងធនធានទឹក ចាត់តំណាងនាំយកអង្ករចំនួន៥៤តោន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្តាវត្ត និងសមាគមដូនជីទាំង៥៤ នៅក្នុងស្រុកពញាឮ


(កណ្តាល)៖ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង ដែលត្រូវបានប្រារព្ធធ្វើតាំងពីបុរាណកាលមកចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នងសងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសលដល់ពពួកញាតិ និងជីដូនជីតា ដែលបានចែកឋានទៅហើយ។

ចាប់តាំងពីមានការប៉ះពាល់ធ្ងន់ធ្ងរ នៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ការប្រាព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ប្រព្រឹត្តទៅដោយមានការប្រុងប្រយ័ត្នខ្ពស់ដែរ។ ទើបនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកពញាឮ ក៏ដូចជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បានចាត់តំណាងនាំយកនូវអង្ករចំនួន៥៤តោន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមបណ្តាវត្ត និងសមាគមដូនជីទាំង៥៤ នៅក្នុងស្រុកពញាឮ តាមរយៈលោកអភិបាលស្រុកពញាឮ។

នៅក្នុងឱកាសនោះ លោក ជា សុខនី បានផ្តាំផ្ញើការសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ជាប្រចាំចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ហើយជាពិសេសដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅបន្តកើតមាននោះ បានធ្វើព្រះសង្ឃនៅតាមទីវត្តអារាមជួបបញ្ហាខ្វះខាតខ្លះចង្ហាន់ដោយប្រការណាមួយ ទើបលោកចាត់ចែងឲ្យនាំយកអង្ករមកប្រគល់ជូនអភិបាលស្រុក ដើម្បីវេរប្រគេនព្រះសង្ឃបន្តនាឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរស្រុក និងសមត្ថកិច្ច ព្រមទាំងមន្រ្តីសុខាភិបាល ត្រូវរៀបចំ និងអំពាវនាវបន្តដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានទៅដាក់បិណ្ឌនៅតាមទីវត្តអារាម សូមបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ និងកាត់បន្ថយការចម្លងជំងឺកូវីដ១៩៕