រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌នៃបណ្តារដ្ឋសមាជិកបើកប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ បានឯកភាពគ្នា អនុមតិសេចក្តីប្រកាស


នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌នៃបណ្តារដ្ឋសមាជិកនៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ក្នុងឱកាសនៃកិច្ចប្រជុំដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ បានឯកភាពគ្នា អនុមតិសេចក្តីប្រកាសសៀមរាប សំដៅបង្កើនការការពារ និងអភិរក្សបេតិកភណទីក្រុង ប្រទេសសមាជិកនៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ដែលមានខ្លឹមសារសំខាន់ៗចំនួន ១៧ ចំនុចដូចខាងក្រោម៖
១. ជំរុញកំណើនចំណូលជាតិ ដោយបង្កើតឱកាសការងារ និងផ្តល់ការងារដល់វិស័យទេសចរណ៍ និងការវិនិយោគឧស្សាហកម្ម និងជំនួញខ្នាតតូចក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើនជីវភាពប្រជាជន ដោយអនុវត្តគោលការណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវតាមវប្បធម៌ និងទេសចរណ៍សហគមន៍ បង្កើននូវជីវភាពនិងគុណភាពជីវិតរបស់ប្រជាជនយើង ដោយអនុវត្តគោលការណ៍ស្អាត និងបៃតងដើម្បីរួមចំណែកក្នុងកំណើនទេសចរណ៍ និងវប្បធម៌រួមទាំងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។
២. ជំរុញការសំរួលនិតិវិធីទិដ្ឋការដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសជាសមាជិក ACD។
៣. ពិចារណាលើការបង្កើតទំរងសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ ACD ក្នុងចំណោមសមាជិកដោយផ្តោតទៅលើនវានុវត្ត និងការអនុវត្តន៍ដ៏ល្អបំផុតជុំវិញពិភពលោក ដើម្បីធ្វើឱ្យប្រាកដការអនុវត្តទេសចរណ៍នៅក្នុងតំបន់។
៤. វិភាគ និងជ្រើសរើសតំបន់អទិភាពទេសចរណ៍ និងភាពចាំបាច់សម្រាប់កិច្ចប្រតិបត្តិការ និងដាក់កិច្ចការងារនេះជាផែនការសកម្មភាពដែលបង្កើនរបៀបវារៈសម្រាប់ ACD។
៥. បង្កើនសមត្ថភាពភ្នាក់ងារជាតិ និងតំបន់ឱ្យទទួលខុសត្រូវចំពោះការការពារ អភិរក្ស បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ សំគាល់អត្តសញ្ញាណ និងការពារគុណតម្លៃទេសចរណ៍ និងភាពល្អឥតខ្ជោះ នៃតំបន់បេតិកភណ្ឌនៅក្នុងចំណោមភូមិ ស្រុក និងទីក្រុង។
៦. អភិវឌ្ឍនូវអភិបាលកិច្ចដ៍មានប្រសិទ្ធភាពដើម្បីកំណត់ឲ្យច្បាស់ថា ការធ្វើផែនការដែលមានការសម្របសម្រួលសម្រាប់ការការពារ និងការបង្ហាញអំពីទីតាំងនៃបេតិកភណ្ឌនិមួយៗនិងរួមគ្នា នៅក្នុងរង្វង់ឬអន្តរទំនាក់ទំនងនៃភូមិ ខេត្ត និងទីក្រុង រួមទាំងការទទួលស្គាល់ពីសក្តានុពលផ្នែកសេដ្ឋកិច្ច ដែលជាធនធានក្នុងវិស័យទេសចរណ៍។
៧. ធ្វើឲ្យច្បាស់លាស់អំពីប្រសិទ្ធភាពនៃយន្តការនៃការធ្វើផែនការ និងបទដ្ឋានគតិយុត្តិនានា ជាមួយនឹងការពង្រឹងច្បាប់ដែលមានស្រាប់ក្នុងការកាត់បន្ថយនូវផលប៉ះពាល់ ពីសកម្មភាពរបស់មនុស្ស ដែលសកម្មភាពទាំងនោះអាចធ្វើឲ្យមានការរិចរិលដល់ធនធានបេតិកភណ្ឌ និងការអនុវត្តនូវផែនការអភិវឌ្ឍជាយុទ្ធសាស្រ្ត នៅក្នុងរង្វង់ឬអន្តរទំនាក់ទំនងនៃភូមិ ខេត្ត និងទីក្រុង។
៨. លើកទឹកចិត្តប្រទេសជាសមាជិកក្នុងការអភិវឌ្ឍនិងបញ្ចូលទៅក្នុង ផែនការមេស្តីពីទេសចរណ៍។
៩. ត្រូវប្រាកដឲ្យច្បាស់ថា មានការចូលរួមពីសហគមន៍ ដើម្បីធានាថារាល់ភាគីដែលពាក់ព័ន្ធ ក៏ដូចជាសហគមន៍ទាំងឡាយណាដែលទទួលផលប៉ះពាល់ អាចទទួលបានអត្ថប្រយោជន៍ពីទេសចរណ៍បេតិកភណ្ឌ។
១០. ត្រូវប្រាកដឲ្យច្បាស់ថា មានថវិការជួយទ្រទ្រង់ក្នុងកិច្ចការពារ ការស្តារឡើងវិញ និងការបង្ហាញពីតំលៃនៃបេតិកភណ្ឌដែលមាននៅក្នុងឬមានទំនាក់ទំនងនៃភូមិ ខេត្ត និងទីក្រុង។
១១. គាំទ្រវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតនានា ដើម្បីលើកកម្ពស់ពីការច្នៃប្រឌិត និងនវានិវត្ត(creative and innovation) ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្ដរភាព។
១២. លើកកម្ពស់ ផ្សព្វផ្សាយការយល់ដឹងក្នុងស្រុកស្តីពីការពង្រឹង និងការអភិរក្សបេតិកភណ្ឌ។
១៣. លើកទឹកចិត្តផ្នែកឯកជនឲ្យមានការចូលរួមក្នុងការបង្ហាញ និងការការពារនៃទីតាំងបេតិកភណ្ឌ។
១៤. ពិចារណារៀបចំព្រឹត្តិការណ៍ និងពិពណ៌ទេសចរណ៍នៃបណ្តាប្រទេសសមាជិកនៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី ដោយផ្តោតលើវប្បធម៌ និងបេតិកភណ្ឌ។
១៥. ធានាសហប្រតិបត្តិការផ្នែកសន្តិសុខប្រកបដោយប្រសិទ្ធិភាពក្នុងចំណោមប្រទេសសមាជិក ACD ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងតំបន់។
១៦. តាមដាន និងសម្របសម្រួលលើការអនុវត្តរបស់ក្រុមការងារដែលមានស្រាប់លើវិស័យវប្បធម៌ និងទេសចរណ៍។
១៧. កត់សម្គាល់លើសំណើរបស់សាធារណៈរដ្ឋអ៊ីស្លាមអឺរ៉ង់ដែលបានស្នើបេក្ខភាពទីក្រុង Hamadanជាទីក្រុងទេសចរណ៍អាស៊ី (ATC) ក្នុងឆ្នាំ២០១៨ ស្របជាមួយនឹងសេចក្តីសម្រេចនៃកិច្ចប្រជុំ រដ្ឋមន្ត្រីនៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីស្តីពីទីក្រុងទេសចរណ៍អាស៊ីនៅទីក្រុង Manama ព្រះរាជាណាចក្របារ៉ែន។