កម្ពុជាទទួលបានចំណូលជាង២៥ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅ៩ខែឆ្នាំនេះ


រយៈពេល៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេសចំនួនសរុប ៦,១៦៧នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបចំនួន ២៥៣,៨០៩ដុល្លារអាមេរិក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។

ដោយឡែក សម្រាប់ពេញមួយខែកញ្ញា ឆ្នាំ២០២១នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន៨,២៨១ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់។

សម្រាប់ខែកញ្ញានេះដែរ គឺភ្ញៀវបរទេសដែលបាន ទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៩២.២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។ សម្រាប់ចំណូល មានការថយចុះ ៩២.៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។

ក្នុងរយៈពេល៩ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១២,៣៣៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕