ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន


លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញនូវសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសារនេះលោកឯកអគ្គរដ្ឋទូត បានគូសរំលេចនូវប្រវត្តិនៃការតស៊ូរបស់បក្សកុម្មុយនិស្តចិន និងសមិទ្ធផលជាច្រើនរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនផងដែរ។

ខាងក្រោមនេះ ជាសុន្ទរកថាទាំងស្រុងរបស់លោក វ៉ាង វិនធាន៖

ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំតាំងនាមឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមជូនពរដោយស្មោះដល់ជនរួមជាតិ ដែលកំពុងបម្រើការងារសិក្សា និងរស់នៅក្នុងប្រទេសកម្ពុជា និងសូមថ្លែងអំណរគុណដោយស្មោះជូនចំពោះមិត្តគ្រប់មជ្ឈដ្ឋាន នៃប្រទេសទាំងពីរ ដែលតែងយកចិត្តទុកដាក់ និងគាំទ្រមិត្តភាពរវាងចិន និងកម្ពុជា។

រំឭកអតីតកាលគណបក្សកុម្មុយនិស្តចិន បានបង្រួបបង្រួមដឹកនាំប្រជាជនចិន និងបន្តការតស៊ូបោះជំហានឆ្ពោះទៅមុខ។ ឆ្លងកាត់ការអភិវឌ្ឍន៍ និងវិវឌ្ឍន៍ជាច្រើនដងច្រើនសារ ឆ្លងកាត់ការពុះពាររាល់ឧបសគ្គ និងការទទួលបាននូវសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ បង្កើតបានជាមាគ៌ាសង្គមនិយម ដែលមានលក្ខណៈពិសេសនៃចិន ដោយជោគជ័យ។

ចិនកំពុងអភិវឌ្ឍន៍ផ្លាស់ប្តូរមុខមាត់ថ្មី លើកកម្ពស់សមត្ថភាពចម្រុះ នៃជាតិសម្រេចបាននូវគោលដៅ១០០ឆ្នាំ, ទី១៖បានកសាងសង្គម Xiaokang គឺជាសង្គមដែលជីវភាពរស់នៅរបស់ប្រជាជនមានកម្រិតល្អបង្គួរយ៉ាងពេញលេញ នៅក្នុងប្រទេសចិន បានដោះស្រាយបញ្ហាក្រីក្រ ជាប្រវត្តិសាស្ត្រយ៉ាងដាច់ខាត និងកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅរកគោលដៅ១០០ឆ្នាំ, ទី២៖ក្នុងការកសាងជាប្រទេសខ្លាំងក្លាទំនើបកម្មតាមបែបសង្គមនិយមគ្រប់ជ្រុងជ្រោយ។ មាគ៌ាអភិវឌ្ឍន៍ ការច្នៃប្រឌិត និងការទទួលបានសមិទ្ធផលផ្លែផ្កាដ៏មហិមាដែលបង្រួបបង្រួមដឹកនាំប្រជាជនចិនដោយគណបក្សកុម្មុយនិស្តចិន នឹងត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុអភិវឌ្ឍន៍នៃប្រជាជាតិចិន និងកំណត់ហេតុអភិវឌ្ឍន៍អរិយធម៌មនុស្សជាតិ។

ក្រឡេកមើលបច្ចុប្បន្នកាល ប្រឈមមុខជាមួយជំងឺវីរុសកូវីដ១៩ ដែលផ្ទុះឡើងជាបន្ទាន់រដ្ឋាភិបាលចិន តែងតែប្រកាន់ខ្ជាប់នូវការយកប្រជាជនជាធំ និងអាយុជីវិតជាចម្បង តែងតែប្រកាន់នូវអាកប្បកិរិយាប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្នុងការរៀបចំជំរុញកិច្ចទប់ស្កាត់ជំងឺវីរុស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំនួនវ៉ាក់សាំងកូវីដដែលបានចាក់នៅក្នុងប្រទេសចិនមានចំនួនសរុប ២,១៧០លានដូស និងមានប្រជាជនចំនួនជាង ១,០០០លាននាក់ បានបញ្ចប់ការចាក់វ៉ាក់សាំងទាំងស្រុង ហើយវាក់សាំងដែលបានផ្តល់ទៅកាន់សកលលោកជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍មានចំនួន ១,២៥០លានដូស បានជួយកាត់បន្ថយការរីករាលដាលនៃជំងឺវីរុសមួយនេះ និងបានជួយសង្គ្រោះអាយុជីវិតយ៉ាងច្រើន។

នៅពាក់កណ្តាលឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់ចិន មានចំនួនលើសពី ៨.២ទ្រីលានដុល្លារអាមេរិក មានកំណើន១២.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ សមិទ្ធផលផ្លែផ្កាសំខាន់ៗ ទទួលបានក្នុងវិស័យដូចជាយានអវកាស ការរុករកនៅសមុទ្រជ្រៅ និងវិស័យ Supercomputer ជាដើម។

ប្រសិទ្ធភាព នៃយុទ្ធសាស្ត្រកម្លាំងជំរុញច្នៃប្រឌិតអភិវឌ្ឍន៍ទទួលបានជាបន្តបន្ទាប់ បានផ្តល់ជាការគាំទ្រយ៉ាងខ្លាំងដល់ការសាងគំរូអភិវឌ្ឍន៍ថ្មី ដែលយកដំណើរវដ្តនៅក្នុងប្រទេសចិនជាចម្បង និងការជំរុញទៅវិញទៅមកនៃវដ្តទេក្នុង និងក្រៅប្រទេស។

ដើរតាមនិន្នាការពិភពលោក ប្រឈមមុខជាមួយការផ្លាស់ប្តូរ នៃពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំនេះ ចិនប្រកាន់ខ្ជាប់នូវសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងជោគជ័យរួម។ ប្រកាន់ខ្ជាប់នូវការបោះជំហានលើមាគ៌ាអភិវឌ្ឍន៍សន្តិភាព ជំរុញកសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ជំរុញការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ជំរុញការកសាង «ខ្សែក្រវាត់ និងផ្លូវ» ដែលមានគុណភាពខ្ពស់ សម្រាប់ការអភិវឌ្ឍន៍ យកការអភិវឌ្ឍន៍ថ្មីនៃចិនផ្តល់ជាឱកាសថ្មីសម្រាប់ពិភពលោក។

សហការជាមួយប្រទេស និងប្រជាជនដែលស្រឡាញ់សន្តិភាព ផ្សព្វផ្សាយគុណតម្លៃរួមនៃសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាពសម្រាប់មនុស្សជាតិទាំងឡាយបន្តប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ មិនប្រឈមមុខដាក់គ្នា បើកចំហ មិនបិទជិត ផ្តល់អត្ថប្រយោជន៍ និងជោគជ័យទៅវិញទៅមក មិនអនុវត្តគោលការណ៍ទទួលអត្ថប្រយោជន៍តែភាគីម្ខាង ប្រឆាំងនឹងលទ្ធិដែលប្រើអំណាច និងនយោបាយសិទ្ធិគៀបសង្កត់ តែងឈរជាមួយប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងភាពរីកចម្រើន នៃមនុស្សជាតិ។

ថែរក្សាការពារចំណងមិត្តភាពដ៏ជ្រាលជ្រៅ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ទទួលបានការលើកកម្ពស់ឥតឈប់ឈរ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ និងការជំរុញអភិវឌ្ឍរួម។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់កិច្ចទប់ស្កាត់ជំងឺវីរុសក្នុងប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចជាបន្ទាន់ទៅកាន់ប្រទេសចិនក្នុង «ដំណើរបញ្ច្រាស» ។

ភាគីចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញទប់ស្កាត់ជំងឺវីរុស និងផ្តល់វ៉ាក់សាំងមកកាន់កម្ពុជាជាអាទិភាព។ កម្មវិធីចាក់វ៉ាក់សាំងនិទាឃរដូវ(Spring Vaccination) ត្រូវបានអនុវត្តស្ទើរតែគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា។ សកម្មភាពដ៏កក់ក្តៅនីមួយៗ ត្រូវបានបង្ហាញយ៉ាងច្បាស់អំពីអត្ថន័យស្នូល នៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា។

កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនទោះបីជារងផលប៉ះពាល់ នៃជំងឺវីរុសក៏ដោយ។ គម្រោងសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» មានដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើមត្រូវបានជំរុញយ៉ាងរលូន។

កសិផលកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ឥតឈប់ឈរមានដូចជាអង្ករ ផ្លែចេក ផ្លែស្វាយជាដើម។ ប្រទេសទាំងពីរបានសម្របសម្រួលយ៉ាងស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក បង្ហាញពីសម្លេងយុត្តិធម៌ និងសច្ចធម៌លើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល រវាងគ្នានិងគ្នា និងជាចំណាប់អារម្មណ៍រួម។

ចំណងមិត្តភាពចិន និងកម្ពុជា ទទួលបានផលដើមរដូវ ក្លាយជាគំរូដែលមានការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការគោរពគ្នាទៅវិញទៅមក ការផ្សារភ្ជាប់គ្នារវាងបេះដូងប្រជាជន និងកិច្ចសហប្រតិបត្តិការសន្តិសុខជាដើម។

ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងមិត្តអ្នកអានកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា និងសូមជូនពរសិរីមង្គលបវរប្រសើរជូនដល់អ្នកទាំងអស់គ្នា។ ជឿជាក់ថាក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ និងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំងពីរ ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចកសាងសហគមន៍វាសនារួមគ្នា រវាងចិន-កម្ពុជា នឹងបន្តបោះសន្ទះទៅកាន់ដំណាក់កាលថ្មីមួយទៀត៕