ឯកឧត្តម សុខ ឥសាន៖ បើ សម រង្ស៊ី មិនហ៊ានចូលស្រុកទៀត ពិតជាកំសាកមែនហើយ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា អ្នកណាក៏បានដឹងហើយថា ក្រោយពេលតុលាការកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន ៨ លានរៀលពីបទញុះញង់ឲ្យមានការរើសអើងមក សម រង្សីបានរត់ភៀសខ្លួនទៅនៅឯប្រទេសក្រៅរហូត ។ នៅថ្ងៃទី១៣ វិច្ឆិកា២០១៥ សម រង្សីបាននិយាយនៅចំពោះមុខពលករធ្វើការនៅកូរ៉េថា នឹងវិលមកកម្ពុជាវិញទោះត្រូវគេធ្វើបាបយ៉ាងណាក៏ត្រូវមកវិញដែរ។ ប៉ុន្តែ នៅខ្វះតែ១៥ នាទីយន្តហោះត្រូវចេញដំណើរស្រាប់តែ សម រង្សី ផ្ទេរជើងហោះហើរទៅវិញ។ នេះទង្វើដ៏កំសាករបស់សម រង្សី ។

ឯកឧត្តម បានបន្តថា នៅយប់ថ្ងៃទី ១៣ ខែមិថុនា២០១៧ នេះ តាមរយៈការផ្សាយរបស់វិទ្យុសម្លេងអាស៊ីសេរី សម រង្សី បាននិយាយថា មិនខ្លាចគេធ្វើទុក្ខបុកម្នេញលើខ្លួនឡើយ ខ្លួនហ៊ានដេកគុក កុំឲ្យមានបរទេសឈ្លាពានប្រទេសកម្ពុជា ។ល។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា  តើបច្ចុប្បន្ននេះ មានបរទេសណាឈ្លានពានប្រទេសកម្ពុជា? ជាក់ស្តែងគឺអត់មានទាល់តែសោះ ។ ដូច្នេះ សម រង្សី ដែលយកការឈ្លានពានរបស់បរទសមកលើកម្ពុជា គ្រាន់តែជាឡេស ដើម្បីមិនហ៊ានចូលស្រុក ហើយបន្ទោសការឈ្លានពានដែលមិនមានទៅវិញ ។

ឯកឧត្តម បានបន្តថា ឥឡូវរាជរដ្ឋាភិបាល បានលុបចោលសជណ ចាស់ចេញហើយ តើមានឡេះស្អីទៀតដើម្បីមិនចូលស្រុក នោះ ? បើសម រង្សី ពិតជាក្លាហានមែនដូចពាក្យនិយាយ នៅក្នុងវិទ្យុអាស៊ីសេរី នោះ  សូមអញ្ជើញចូលមកស្រុកខ្មែរមក ថ្ងៃស្អែក ក៏បាន ខានស្អែក ក៏បាន ។ តែផ្ទុយទៅវិញ បើសម រង្សីនៅតែមិនមកទៀត នោះបញ្ជាក់ថា សម រង្សី ពិតជាកំសាកមែនទែននិងពិតប្រាកដ មិនអាចប្រកែកបានឡើយ ហើយកុំនិយាយស្អីទៀត ប្រជាជនកម្ពុជា ឈប់ជឿហើយ ។ ។