អ្នកនាំពាក្យ CPP៖ឯកឧត្តម សម រង្ស៊ី អាចចូលស្រុកបាន តែត្រូវអនុវត្តតាមច្បាប់


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម ឈឹម ផលវរុណ បានលើកឡើងថាឯកឧត្តម សម រង្ស៊ី អាចវិលត្រឡប់មកកម្ពុជា តាមចិត្តបាន ប៉ុន្តែការអនុវត្តច្បាប់គឺនៅដដែល ។

ឯកឧត្តម ឈឹម ផលវរុណ បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៤ មិថុនានេះថា រឿង ស.ជ.ណ របស់រាជរដ្ឋាភិបាល គឺជាការបញ្ជាក់ថា អនុវត្តទៅតាមផ្លូវច្បាប់ ដោយពុំមានការ ហាមឃាត់ឯកឧត្តម សម រង្ស៊ី មិនឲ្យចូលស្រុក ហើយតុលាការក៏ មិនបានបណ្ដេញឯកឧត្តម សម រង្ស៊ី ឲ្យរត់ចោលស្រុកនោះដែរ ផ្ទុយទៅវិញគឺអតីតមេបក្សប្រឆាំងនេះទៅវិញទេ ដែលរត់ចោលស្រុក ។

ឯកឧត្តមបញ្ជាក់ថារីឯផ្លូវច្បាប់ គឺអត់មាននិរទេសលោក សម រង្ស៊ី ទេ ចឹងលោក សម រង្ស៊ី អាចវិលមកកម្ពុជាវិញ តាមចិត្តរបស់គាត់ ប៉ុន្តែការអនុវត្តច្បាប់ នៅតែអនុវត្តច្បាប់ នេះជាភាពត្រឹមត្រូវរបស់ ស.ជ.ណ”

ឯកឧត្តម ឈឹម ផលវរុណ បានបន្ថែមថា កាលពីមុនគ្រាន់តែជា ការភ័ន្តច្រឡំមួយ ដែលឈរលើគោលការណ៍ ចង់បញ្ជាក់ពីការមិនចង់ឲ្យមានភាពច្របូកច្របល់ ចំពោះវត្តមានឯកឧត្តម សម រង្ស៊ី ក្នុងខណៈកំពុង រៀបចំការបោះឆ្នោត ៕