ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងថាបាតុភូតកំដៅ El Nino បានថយឥទ្ធិពលបន្តិចម្តងៗនាពេលនេះ និងបានជំនួសវិញដោយបាតុភូត Dipole Model Index ដែលជាបាតុភូតស្ថិតនៅចន្លោះភាពក្តៅ និងត្រជាក់ ។
សេចក្តីរាយការណ៍បានអោយដឹងថា បាតុភូត Dipole Model Index នឹងចូលមកជំនួស ហើយរហូតដល់ចុងខែកក្កដា ឆ្នាំ ២០១៦ ទើបបាតុភូតត្រជាក់ La Nina នឹងមានឥទ្ធិពលវិញ ។ សេចក្តីរាយការណ៍បានអោយដឹងថា នៅរដូវប្រាំងនេះ គឺក្នុងខែមីនានិងខែមេសា ធាតុអាកាសនឹងក្តៅហួតហែងខ្លាំង បរិមាណទឹកភ្លៀងកក់ខែមានចំនួនតិចតួច ហើយបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់នឹងកើតឡើងច្រើន ។
ចំណែកនៅរដូវវស្សាវិញ គឺចាប់តាំងពីខែឧសភា ដល់ខែកក្កដា នឹងមានភ្លៀងតិច… មានបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់នឹងកើតឡើងច្រើន… ហើយនឹងមានកូនរដូវប្រាំង ដែលនឹងកើតចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ចុងខែកក្កដា ។ សេចក្តីរាយការណ៍បានព្យាករណ៍ថា របាយទឹកភ្លៀងនឹងចាប់ផ្តើមធ្លាក់ច្រើន ហើយរាយប៉ាយបានល្អចាប់ពីពាក់កណ្តាលរដូវវស្សា រហូតដល់ចុងរដូវវស្សា គឺចាប់ពីខែសីហា ដល់ចុងខែវិច្ឆិកា ។