អភិបាលខេត្តមណ្ឌលគិរីណែនាំដល់មន្រ្តីជំនាញត្រូវបង្កើនការផ្តល់ពូជដំណាំដែលមានទិន្នផលល្អដល់កសិករដាំដុះឲ្យបានច្រើន


ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌល គិរី បានណែនាំដល់មន្ទីរកសិកម្មខេត្ត ត្រូវបង្កើនការផ្តល់ពូជដំឡូងបារាំង និងខ្ទឹមសដល់កសិករដាំដុះឱ្យបានច្រើន ដើម្បីក្លាយជាផលិតផលប្រចាំខេត្តព្រោះវាមានតម្រូវការខ្ពស់ និងតម្លៃថ្លៃក្នុងទីផ្សារ ។ ក្នុងពិធីចែកពូជដំឡូងបារាំង និងខ្ទឹមស ដល់កសិករនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន បានកោតសរសើរដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំសហការស្រាវជ្រាវជាមួយសកលវិទ្យា ល័យកសិកម្ម រកពូជដំណាំដែលជាតម្រូវការទីផ្សារ និងមានការបញ្ជាទិញច្រើនក្នុងតម្លៃខ្ពស់ជូនកសិករ។ ឯកឧត្តម អភិបាលខេត្តបន្តថា ដោយសារខេត្តមណ្ឌលគិរី មានស្ថានភាពភូមិសាស្ត្រអាកាសធាតុខុសប្លែកពីបណ្តាខេត្តដទៃ វាបានក្លាយជាឱកាសមួយសម្រាប់ប្រជាពល រដ្ឋ ធ្វើទំនើបកម្មវិស័យកសិឧស្សាហកម្ម រួមមាន ដំណាំកាហ្វេ ទុរេន ដំឡូងបារាំង និងខ្ទឹមសដែលនៅខេត្តផ្សេង ពិបាកក្នុងការដាំដុះ។ ឯកឧត្តម បានណែនាំដល់មន្ទីរកសិកម្ម ត្រូវពង្រឹងការ ងារបច្ចេកទេសដាំដុះដំណាំធម្មជាតិដល់កសិករ ដើម្បីចាប់យកឱកាសក្តាប់ទីផ្សារលក់កសិផលរបស់ខេត្ត មណ្ឌលគិរី ដល់ភ្ញៀវទេសចរទៅកម្សាន្តលេងក្នុងខេត្ត ជាពិសេស គឺកិត្តិនាមបន្លែផ្លែឈើធម្មជាតិរបស់ខេត្ត មណ្ឌលគិរី ដែលទទួលស្គាល់ពីមហាជន។ លោក សុង ឃាង ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការពិសោធន៍ប្រៀបធៀបពូជដំឡូងបារាំងនៅខេត្តមណ្ឌល គិរីត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១៦ ដល់២០១៨ បានធ្វើឡើងនៅទីតាំង រយៈកម្ពស់ ៧៥០ម៉ែត្រ ទៅ ៨៤០ម៉ែត្រ និងមានប្រភពពូជមកពីបណ្តាប្រទេសផ្សេងៗវៀតណាម,កូរ៉េខាងត្បូង,អាឡឺម៉ង់,កាណាដា អាចដាំដុះបានទទួលបានទិន្ន ផលមធ្យម១៧តោន/ហិកតា ។ លោកបញ្ជាក់ថា ចំណែកការដាំខ្ទឹមស សាកល្បងនៅក្រុងសែនមនោរម្យ ជាលទ្ធផលឆ្នាំទី០១ ឃើញថាមានការដុះលូតលាស់ល្អ និងទទួលបានទិន្នផលជាមធ្យម១០តោន/ហិកតា។ សូមបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មណ្ឌលគិរី បានចែកពូជដំឡូងបារាំង និងខ្ទឹមស ជូនប្រជាពលរដ្ឋចំនួន៣២គ្រួសារ និងបានផ្តល់ម៉ាស៊ីនកិនកាហ្វេចំនួន ២គ្រឿងដល់សហគមន៍កាហ្វេប៊ូស្រាផងដែរ៕