ឯកឧត្តម លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណនៃការយោគយល់គ្នា រវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជានៅខេត្តព្រះសីហនុ


នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន ទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិកាដោយសារមីន តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណនៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាល សាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធានសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា។

លោក WANG JIANG ប្រធានសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា មាន ប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន និងជួយសង្គ្រោះជនពិការដោយសារមីន និងសមាគមជួយសង្គ្រោះ ប្រជាជនកម្ពុជា បានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២០ ប៉ុន្តែទោះបីយ៉ាង ណាក៏ ដោយសមាគមបានសហការជាប្រចាំជាមួយអាជ្ញាធរមីនក្នុងខែមិថុនា ឆ្នាំ២០១៩ ក្នុងការឈ្វេងយល់អំពីសកម្មភាពមីន និងការចូលរួមត្រៀមទប់ស្កាត់ការរីក រាលដាលនៃ ជំងឺកូវីដ-១៩ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន សមាគមជួយសង្គ្រោះប្រជាជនកម្ពុជា មានកិត្តិយសដែលសម្ដេចតេជោ បានផ្ដល់នូវសេចក្តីទុកចិត្តមកលើសមាគមក្នុងការចូលរួមជា មួយរាជរដ្ឋាភិបាល ដើម្បីកៀរគរថវិកាពីអង្គការសង្គមស៊ីវិល សហគមន៍ដទៃ និងធុរកិច្ចជន ជាតិចិន សម្រាប់គាំទ្រដល់វិស័យសកម្មភាពមីននៅខេត្តព្រះសីហនុ ឆ្ពោះទៅរកខេត្តនេះ គ្មានមីននៅឆ្នាំ២០២៥ ហើយការងារនេះ វាមានសារៈសំខាន់សម្រាប់សកម្មភាពមនុស្សធម៌ ហើយវាតម្រូវឱ្យយើងចូលរួមទាំងអស់គ្នា គិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ដើម្បីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋស្លូតត្រង់របស់យើង។

ឯកឧត្តម គួច ចំរើន បានបង្ហាញពីស្មារតីចូលរួមពីគណៈកម្មាធិការសកម្មភាព មីនខេត្ត ចូលរួមសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រក្សាបាននូវសន្តិសុខ សុវត្ថិភាព ក៏សាងនូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព ខេត្តព្រះសីហនុមានផ្ទៃដី ២,៦៥៨,៩០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានចម្ការមីន និងចម្ការគ្រាប់ ៥,៥គីឡូម៉ែត្រក្រឡា ស្មើនឹង ៤៨ចម្ការមីន ក្នុងនោះស្រុកព្រៃនប់មាន ៣ចម្ការមីន និងស្រុកកំពង់សិលាមាន ៤៥ចម្ការមីន។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានកំណត់ផែនការរៀបចំ ដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ រៀបចំអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាត និងជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ច្រកចេញ ចូលអន្តរជាតិ មជ្ឈមណ្ឌល កំណើតជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេក ទេសទំនើប មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក។ ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា ជាតារារះ “នាទិសនិរតី” ដើម្បីឆ្លើយតបនឹងសក្តានុពុលដ៏សំបូរបែប សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ស្លឹកត្នោត ខ្ចប់ស្លឹកត្នោត និងដកថវិកាសន្សំចំនួន ១០០លានដុល្លារអាម៉េ រិក ពីថវិកាសន្សំរបស់ជាតិ ដើម្បីការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតត្រូវបានបញ្ចប់ជាស្ថាពរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅ ចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវជាតិ និងបរទេសក្នុងព្រឹត្តិការណ៍ទេសចរណ៍ អាស៊ាននៅដើមឆ្នាំ២០២២ ធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ។ ឯកឧត្តម លី ធុជ បានមានប្រសាសន៍ថា ថ្ងៃនេះជាប្រវត្តិសាស្ត្រនៃការចុះ អនុស្សរណនៃការ យោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយ សង្គ្រោះជនពិការដោយសារមីន និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា ព្រមទាំងបាន កោតសរសើរ និងវាយតម្លៃនៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពល ទាក់ទាញភ្ញៀវទេសចរ និងចាត់ទុកជាថ្ងៃទិវាមីននៅខេត្តព្រះសីហនុ។ ការកៀរគរពីវិស័យ ឯកជនវាកើតចេញពីដៃគូយុទ្ធសាស្ត្រដូចអណ្តាត និងធ្មេញ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ហើយថ្ងៃនេះយើងជំរុញខេត្តព្រះសីហនុ ជាខេត្តដំបូងគេ ដើម្បីបញ្ចប់ សកម្មភាពកម្ចាត់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមនៅកម្ពុជា។

ឯកឧត្តមបន្តថា ប្រទេសកម្ពុជាបានប្រឈមនឹងគ្រាប់មីន និងគ្រាប់បែកសង្កោមដោយ សារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទស្សវត្សរ៍ ហើយកម្ពុជាក៏នៅសល់សំណល់ជាតិ ផ្ទុះច្រើនជាងគេ និងមានជនរងគ្រោះដោយសារមីនច្រើនជាងគេផងដែរ។ រាជរដ្ឋាភិបាល ចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ សុវត្ថិភាពដោយសារគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ព្រមទាំងបានអំពាវនាវដល់អង្គការសង្គមស៊ីវិល និងសមាគមជួយសង្គ្រោះ ប្រជាជនកម្ពុជា ចូលរួមជួយឧបត្ថម្ភគាំទ្រ ដើម្បីធ្វើការអភិវឌ្ឍ និងសំដៅឱ្យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ ជាខេត្តដែលគ្នានគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់សល់ ពីសង្គ្រាម៕