អ្នកគ្រូបង្រៀនកុមារគថ្លង់កម្ពុជាម្នាក់ ឈ្មោះ នាង ផល្លា ដែលទទួលបានពានរង្វាន់គ្រូឆ្នើមពិភពលោក ពេលនេះទទួលបានគ្រឿងឥស្សរិយយសអប់រំមួយបន្ថែមទៀត ពីឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ។ ពិធីនេះ បានប្រព្រឹត្តទៅដោយមានព្រះរាជវត្តមាន ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ផងដែរ ។
មេដាយអប់រំ គឺជាគ្រឿងឥស្សរិយយសដ៏ចំណាស់មួយ របស់សាធារណរដ្ឋបារាំង ដែលបង្កើតឡើងនៅឆ្នាំ ១៨០៨ ដោយព្រះចៅណាប៉ូឡេអុងទី១ ដើម្បីផ្តល់ជូនសាស្រ្តាចារ្យ និងលោកគ្រូអ្នកគ្រូ ។ អ្នកគ្រូបង្រៀន នាង ផល្លា គឺជាគ្រូបង្រៀននៅសាលាអង្គការគ្រួសារថ្មី និងអ្នកគ្រូបានជាប់បេក្ខភាពជាគ្រូឆ្នើមពិភពលោក ក្នុងចំណោមគ្រូឆ្នើមចំនួន ១០រូប ចុងក្រោយនៃកម្មវិធី Global Teacher Prize កាលពីឆ្នាំ ២០១៥ ។
ពិធីបំពាក់គ្រឿងឥស្សរិយយសថ្នាក់អស្សឫទ្ធិ ជូន អ្នកគ្រូ នាង ផល្លា បានធ្វើនៅព្រឹកមិញនេះ ដោយមាន វត្តមានចូលរួមពីនាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ផងដែរ ក្នុងឱកាសដែលអង្គការគ្រួសារថ្មី បានប្រារព្ធខួបលើកទី២៥ ឆ្នាំរបស់ខ្លួន ។
លោកស្រី នាង ផល្លា បានក្លាយជាគ្រូ ក្រោមការបណ្តុះបណ្តាលពីអង្គការសហប្រជាជាតិ ក្នុងជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ និងធ្លាប់បានដឹកនាំសាលាកុមារពិការភ្នែក ក្នុងជំរុំនោះផងដែរ ។ លោកស្រី បានត្រឡប់មកកាន់មាតុប្រទេសវិញនៅឆ្នាំ ១៩៩១ ពេលដែលមានការធ្វើសមាហរណកម្មមនុស្សពីជំរុំនាជំនាន់នោះ ។ លោកស្រីបានទាក់ទងជាមួយអង្គការគ្រួសារថ្មី ដើម្បីការជួយបង្ហាត់បង្រៀនកុមារពិការភ្នែក និងគថ្លង់ និងធ្វើការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលពិសេសមួយ សម្រាប់កុមារទាំងនេះ ។ កិច្ចសហប្រតិបត្តិការនោះហើយ បាននាំឱ្យមានការបង្កើតសាលាសម្រាប់កុមារពិការភ្នែក និងគថ្លង់លើកដំបូងនៅកម្ពុជានៅក្នុងឆ្នាំ ១៩៩៣ ។ លោកស្រីក៏បានក្លាយជាគ្រូបង្រៀនអក្សរ Braille សម្រាប់កុមារពិការភ្នែកដំបូងគេបង្អស់នៅកម្ពុជា ហើយបានរួមចំណែកបង្កើតអក្សរ Braille ជាភាសាខ្មែរផងដែរ ។