សម្ដេចតេជោ ហ៊ុន សែន៖ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងជាង៣៨លានដូស ក្នុងការសន្យាជាង៤៧លានដូស, បច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សាំង


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង ជាង៣៨លានដូស ក្នុងការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំងជាង៤៧លានដូស ដោយក្នុងនោះកម្ពុជាទិញផ្ទាល់២៨លានដូស ខណៈបច្ចុប្បន្នសល់ក្នុងដៃ៩លានដូស ដើម្បីបន្តការងារចាក់វ៉ាក់សាំង។

ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទទួលបានការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំង រហូតដល់ជាង៤៧.២លាន ប៉ុន្តែរហូតដល់ពេលនេះ យើងទទួលបានជាង៣៨លានដូស ក្នុងនោះកម្ពុជាទិញផ្ទាល់២៨លានដូស»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា នាពេលបច្ចុប្បន្ន កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំង ទាំងបណ្ដាខេត្ត និងទាំងនៅទីក្រុងភ្នំពេញ ចំនួន៩,៣២៤,៨២៥ដូស ក្នុងនោះ នៅតាមបណ្ដាខេត្ត ២,៩១៤,៦១១ដូស នៅក្នុងឃ្លាំងឱសថកណ្ដាល មានចំនួន៦,៤១០,២១៤ដូស។

បើតាមសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀត ដូច្នេះនឹងអាចមាន វ៉ាកសាំងនៅក្នុងដៃ សល់រហូតដល់ចំនួន១០លានដូស។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វ៉ាក់សាំង៩លានដូស ដែលនៅសល់ក្នុងឃ្លាំងនេះ តម្រូវការចាក់សម្រាប់ដូសទី២ នៅសល់ចំនួនតិចប៉ុណ្ណោះ ខណៈចំនួនអ្នកដែលបានចាក់វ៉ាក់សាំង នៅក្នុងអ្នកដែលបានចាក់រួចហើយ ចាក់ដូសទី២ មានចំនួន៩,៦៣៨,៨៩២នាក់ ស្មើនឹង៩៦.៣៩ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ចំនួនក្មេងអាយុ១២ឆ្នាំ ដល់១៨ឆ្នាំ បានចាក់វ៉ាក់សាំង មានចំនួន១,៩៩៩,២៦៧នាក់ ស្មើនឹង៩២.៨៨ភាគរយ ឬឯក្មេង៦ឆ្នាំ ទៅ១២ឆ្នាំ ចាក់ដូសទី២ មានចំនួន១,៧២៩,៦៦៥នាក់ ស្មើនឹង៩១.១៦ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា សម្រាប់ក្មេងអាយុ៥ឆ្នាំ គឺមានចំនួនតែ៣០ម៉ឺននាក់ប៉ុណ្ណោះ ដែលគ្រោងចំណាយវ៉ាក់សាំងជាង៧០ម៉ឺនដុស។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ចំនួនវ៉ាក់សាំងដែលសល់ក្នុងឃ្លាំងជាង៩លានដូសនេះ គឺគ្មានអ្វីដែលត្រូវខ្វះនោះទេ។

គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រេចបានមាន១០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន ៩៧.៨៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន១០១.២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់៕