ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំវិសាមញ្ញលើកទី៨ អាណត្តិទី៣របស់ខ្លួន ដើម្បីពិភាក្សាអនុម័តលើរបៀបវារៈចំនួន៨


នៅរសៀលថ្ងៃ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបាត់ដំបង បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈចំនួន៨ គឺ៖ ទី១.ស្នើសុំអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំវិសាមញ្ញលើកទី៨ ។ ទី២.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តបាត់ដំបង ។ ទី៣. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការបង្កើតការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្តបាត់ដំបង។

ទី៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត ។ ទី៥. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ។ ទី៦. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការបង្កើតលេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត។ ទី៧.សំណួរ-ចម្លើយ និងការបញ្ចេញមតិយោបល់ ។ ទី៨. ប្រសាសន៍បូកសរុប និងផ្ដាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ផងដែរ៕