កិច្ចប្រជុំពិភាក្សាលើការរៀបចំប្រព័ន្ធគ្រប់គ្រងការងារត្រួតពិនិត្យផ្លូវ (ROAD CARE Supervision)


ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការគ្រប់គ្រងការអនុវត្តកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍភាពការងាររៀបចំប្រព័ន្ធគ្រប់គ្រងការងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការអភិវឌ្ឍមុខងារថ្មីនេះ និងបានផ្តល់អនុសាសន៍ណែ នាំឱ្យអង្គភាពពាក់ព័ន្ធធ្វើការជំរុញបន្ថែម លើការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision)ឱ្យកាន់ប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានេះដែរ អង្គប្រជុំបានឯកភាពគាំទ្រលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានេះ និងបានសម្រេចជ្រើសយកគម្រោងអន្តជាតិមួយចំនួន ធ្វើការសាកល្បងអនុវត្តន៍ ព្រមទាំងឯកភាពលើការបង្កើតអនុក្រុមការងារសម្រាប់រៀបចំប្រព័ន្ធ ដោយការរៀបចំប្រព័ន្ធចែកជា៣ដំណាក់ ដូចជា៖ ១. ពិនិត្យលើឯកសារសំណើគម្រោង និងស្នើសុំគោលការណ៍ឯកភាពពីឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ២.សិក្សាលើគំនូសប្លង់លម្អិតរបស់ប្រព័ន្ធ ។ ៣.ការអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីទូរសព្ទដៃ ដើម្បីអាចឱ្យក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ អាចចាប់ផ្តើមធ្វើការអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) នេះ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំបានពិភាក្សាយ៉ាងផុសផុលទៅ លើគំនូសប្លង់ប្រព័ន្ធរបស់មុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ក៏ដូចជាដាក់បញ្ជូលការងារជួសជុលថែទាំប្រចាំ និងសាងសង់ថ្មី និងការដាក់ចេញនូវយន្តការ ក្នុងគ្រប់គ្រងអនុវត្តន៍មុខងារនេះ។

សូមបញ្ជាក់ថា មុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) គឺជាមុខងារថ្មីមួយ នៅក្នុងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យថ្នាក់ដឹកនាំក្រសួងធ្វើការតាមដាន ការងារត្រួតពិនិត្យគុណភាពផ្លូវ តាមរយៈរបាយការណ៍សាងសង់ របាយការណ៍ត្រួតពិនិត្យគុណភាព និងរបាយការណ៍វាយតម្លៃការងារសាងសង់ ក្នុងគោលបំណងឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព តម្លាភាព ពង្រឹងគុណភាពផ្លូវឱ្យកាន់ តែរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយចំណាយថវិកា ក្នុងការជួសជុលថែទាំ៕”