កោះទន្សាយនឹងត្រូវអភិវឌ្ឍជាតំបន់ទេសចរណ៍យ៉ាងប្រណិតនាពេលខាងមុខនេះ


ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា ក្នុងពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវអភិវឌ្ឍជាតំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌីបានចាប់ដៃគូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយនេះឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។

ថ្លែងក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចែកអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អភិបាលខេត្តកែប បានឱ្យដឹងថា ថ្វីដ្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែល មានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផងដែរ។ យ៉ាងណាមិញ ឆ្នេរកោះទន្សាយ ដែលកំពុងធ្វើការអភិវឌ្ឍន៍នេះ ក្នុងពេលអនាគតខាងមុខ នឹងក្លាយជាកន្លែងមួយយ៉ាងស្រស់ប្រណិត សម្រាប់បម្រើលើវិស័យទេសចរណ៍។

ដោយឡែកចំពោះការដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលអាស្រ័យផល លើឆ្នេរកោះទន្សាយ បើទោះជាមានពលរដ្ឋរស់នៅទីនោះ១០ឆ្នាំ ២០ឆ្នាំ៣០ឆ្នាំ ឬ១០០ឆ្នាំ ក៏ចាត់ទុកជាអ្នកអាស្រ័យផល ព្រោះថាតំបន់នេះជាដែនកោះ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយការដោះស្រាយនឹងធ្វើឡើងទៅតាមស្ថានភាពជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តម សោម ពិសិដ្ឋ ក៏សំណូមពរបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផល នៅលើកោះទន្សាយ ត្រូវផ្តល់អាទិភាព និងផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុន ដែល កំពុងធ្វើការអភិវឌ្ឍន៍នៅទីនោះ។ ចុងក្រោយ ឯកឧត្តម ក៏សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើកោះទន្សាយ ត្រូវអនុវត្តវិធានការសុខាភិបាល ត្រូវមានអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃនឹងអាល់កុល ពិសេសអនុវត្តវិធានការ៣កុំ ៣ការពារ។

សូមជម្រាបថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅលើកោះទន្សាយ ចំនួន២៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ និងថវិកាចំនួន៥ម៉ឺនរៀល។ដោយឡែកសមត្ថកិច្ចដែលប្រចាំការនៅតាមប៉ុស្តិ៍នៃដែនកោះចំនួន៤ប៉ុស្តិ៍ ១ប៉ុស្តិ៍ ទទួលបានអង្ករ៤០០គីឡូក្រាម មី១០កេស ត្រីខ១៧យួរ និងថវិកាចំនួន១លានរៀលផងដែរ៕