គណៈកម្មការជាតិបទល្មើសព្រៃឈើពិនិត្យវឌ្ឍនភាព


Logs 23 02 16 2 copy

     គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្រ្កាប​បទ​លើ្មស​ព្រៃ​ឈើ បាន​ធ្វើ​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​នេះ​ ដើម្បី​ពិនិត្យ​វឌ្ឍន​ភាព​ក្រោយ​យុទ្ធនា​ការ ​រយៈ​ពេល​ជាង​មួយ​ខែ​មក​នេះ​ ។

     គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​ គឺ​ជា​គណៈ​កម្មការ​មួយ​បង្កើត​នៅ​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ ​២០១៦ ដែល​មាន​សមាស​ភាព​ចម្រុះ​ពី​មន្ត្រី​ជាន់​ខ្ពស់​នគរ​បាល​ជាតិ… មន្ត្រី​ក្រសួង​បរិស្ថាន​… ក្រសួង​កសិកម្ម និង​អភិបាល​ខេត្ត​ចំនួន​ ៦​ទៀត​ ដែល​ជាប់​ព្រំដែន​វៀត​ណាម ក្រោម​ការ​ដឹក​នាំ​របស់ នាយ​ឧត្តម​សេនីយ៍ ​សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេម​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។

     គណៈ​កម្មការ​ជាតិ​នេះ ​ចុះ​ធ្វើ​សកម្ម​ភាព​បង្រ្កាប​អំពើ​អនាធិប​តេយ្យ​ព្រៃ​ឈើ​ តាម​ខេត្ត​ដែល​ជាប់​នឹង​ព្រំដែន​វៀត​ណាម និង​បាន​រឹប​អូស​ឈើ​ប្រណិត​ជា​ច្រើន​ ។ ឯកឧត្តម សៅ សុខា បាន​មាន​ប្រសាសន៍​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​មក​នេះ គឺ​មិន​មាន​អំពើ​អនា​ធិប​តេយ្យ​ណា​មួយ​ ដែល​ឈ្មួញ​បាន​នាំ​ឈើ​ចេញ ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​ដូច​មុន​ឡើយ​ ។

     ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ របាយ​ការណ៍​របស់​គណៈ​កម្មការ​ជាតិ បាន​បង្ហាញ​ចំនួន​ឈើ​ជា​ច្រើន​ ដែល​គេ​បាន​ប្រមូល​ក្នុង​យុទ្ធនា​ការ​ពី​បណ្តា​ក្រុម​ហ៊ុន​របស់​ឧកញា​ និង​ឈ្មួញ​មួយ​ចំនួន​ដែល​រក​ស៊ី​កាប់​ឈើ​ទាំង​ ៦​ខេត្ត​ ។ នាយ​ឧត្តម​សេនីយ៍ សៅ សុខា បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​មុខ​សញ្ញា​សង្ស័យ​ ដែល​គណៈ​កម្មការ​ជាតិ​នឹង​ត្រូវ​បញ្ជូន​របាយ​ការណ៍​ពាក់​ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​នេះ ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។

     ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​រាយ​ការណ៍​ជំហាន​ដំបូង​បាន​អោយ​ដឹង​ថា បទ​ល្មើស​ព្រៃ​ឈើ ត្រូវ​សមត្ថ​កិច្ច​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលា​ការ​ចំនួន​ ២៦​ ករណី​ និង​ឃាត់​ខ្លួន​បាន​៧​នាក់ ផង​ដែរ ​ក្នុង​យុទ្ធនា​ការ​បង្រ្កាប​ដោយ​គណៈ​កម្មការ​ជាតិ​ បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ ។

Logs 23 02 16 3 copy

Logs 23 02 16 4 copy