ក្រៅពីស្នើដាក់បេក្ខភាព ឯកឧត្តម ជាម យៀប ជាអនុប្រធានទី១នៃរដ្ឋសភា ជំនួសតំណែង ឯកឧត្តម ងួន ញិល ដែលទទួលមរណភាព កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលគ្រោងធ្វើនៅដើមសប្តាហ៍ក្រោយនេះ នឹងពិនិត្យការស្នើកែសម្រួលសមាសភាពមួយចំនួនទៀតផងដែរ។ នេះបើតាម លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់លិខិតជូនទៅ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើដាក់បេក្ខភាពអនុប្រធានទី១ នៃរដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា ក្នុងមានដូចជា៖
១៖ ជ្រើសតាំង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ជំនួស លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល
២៖ ជ្រើសតាំង ឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការទី២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) ជំនួសលោកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប
៣៖ ជ្រើសតាំង ឯកឧត្តម សួស យ៉ារ៉ា ជាប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួស លោក ឈាង វុន
៤៖ ជ្រើសតាំង ឯកឧត្តម នឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួស ឯកឧត្តម សួស យ៉ារ៉ា
៥៖ ជ្រើសតាំង ឯកឧត្តម ទី សុគន្ធ ជាលេខាធិការគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួស លោក នឹម ច័ន្ទតារា
៦៖ ជ្រើសតាំង ឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានជំនួស លោក ទី សុគន្ធ៕