ឯកឧត្តម សុខ ឥសាន ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរអោយបានប្រសើ់រឡើង ពីប្រាក់ឈ្នួលរបស់កម្មករនិយោជិតជានិច្ច


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមជាបក្សកាន់អំណាច រាជរដ្ឋាភិបាល តែតែគិតគូរជានិច្ចចំពោះ ជីវភាពរស់នៅល្អប្រសើររបស់កម្មករ និយោជិត ក៏ដូចជាប្រជាជនទូទៅដែរ ។ បើប្រជាជន និងកម្មករនិយោជិត មានកម្រិតជីវភាពល្អប្រសើរ នោះគឺជាគុណសម្បត្តិ និងគុណតម្លៃ ស្នាដៃរបស់គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល របស់គណបក្សកាន់អំណាចដែរ ហើយ តាមរយៈនេះ ប្រជាជន នឹងបង្កើនការគាំទ្រចំពោះការដឹកនាំរបស់បក្សកាន់អំណាច និងរាជរដ្ឋាភិបាល ដែលអាចឲ្យគណបក្សកាន់អំណាចនៅតែមានសក្តានុពល ក្នុងការដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតគ្រប់ពេល។ ដូច្នេះ គ្មានហេតុផលណា ដែលបក្សកាន់អំណាច និងរាជរដ្ឋាភិបាល មិនគិតគូរពីការតម្លើងប្រាក់បៀវត្ស៏មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង កម្មករ និយោជិត នោះទេ ។ ក៏ប៉ុន្តែការគិតគូរតម្លេីងយ៉ាងណា ក៏ត្រូវតែគិតគូរលើគោលការណ៏ ក្រឹត្យក្រមសេដ្ឋកិច្ច និងស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។ ការចង់បានតាមចិត្ត ដោយមិនបានគិតគូរតាមក្បួនខ្នាត ក្រឹត្យក្រមសេដ្ឋកិច្ច នឹងមិនអាចអនុវត្តទៅបានទេ ។

ឯកឧត្តម បានបន្តថា ដូច្នេះ សរុបមកវិញ គ្មានអ្នកណាឈឺឆ្អាល ពីសុខទុក្ខការលំបាក របស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ជាងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សកាន់អំណាចនោះទេ ។  ហើយសូមផ្តាំឲ្យហើយ ស្នើគ្រប់ភាគី កុំយកប្រធានបទប្រាក់បៀវត្ស៏ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឈ្នួលកម្មករ និយោជិត មកបង្ករបញ្ហាដូចឆ្នាំ២០១៣ឲ្យសោះ។