សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ថ្ងៃទី១ បានប្តេជ្ញាពង្រឹងនយោបាយពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាពស្ថិរភាព និងវិបុលសុខសកល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវសិដ្ឋិនិយមថា លទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃទី១ នាថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានគូសរំលេចថា អង្គប្រជុំ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាពស្ថិរភាព និងវិបុលសុខសកល។ សម្តេចតេជោបន្ថែមថា ពិតណាស់ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមកនិងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នៅផ្លូវសម្រាប់ពហុភាគីនិយម។

បើតាមសម្តេចតេជោ ហ៊ុន សែន អង្គប្រជុំបានប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលតំបន់ទាំងពីរកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

ក្នុងប្រសាសន៍បិទអង្គប្រជុំនោះ សម្តេចតេជោ ក៏បានគូសរំលេចផងដែរ ពីការលើកឡើងរបស់អង្គប្រជុំពីបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គមមិនធ្លាប់មានពីមុនមក។

សម្តេចតេជោ បានគូសបញ្ជាក់ទៅកាន់មេដឹកនាំកំពូលអាស៊ី-អឺរ៉ុបថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ អង្គប្រជុំបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្តសង្កត់ធ្ងន់ថា ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់អាស៊ី និងអឺរ៉ុប។ ក្នុងន័យនេះ អង្គប្រជុំបានសម្តែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។

បើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុ ន សែន អង្គប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ម្សិលមិញនេះ មេដឹកនាំអាស៊ី-អឺរ៉ុប ភាគច្រើនក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្តៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។

ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ បានទាញចំណាប់អារម្មណ៍អង្គប្រជុំថា ការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជាអាទិភាពមួយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា អង្គប្រជុំ ក៏បានឯកភាពគ្នាថា រយៈពេល ២៥ឆ្នាំកន្លងទៅនេះ បានផ្តល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុនមានបរិយាប័ន្នជាងមុន និងធន់ជាងមុន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីមេដឹកនាំកំពូលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបប្រមាណ ៥១រូប ព្រមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំនេះបានបើកដំណើរការនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ហើយនឹងត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា នេះ។

កិច្ចប្រជុំដ៏មានសារៈសំខាន់រយៈពេលពីរថ្ងៃនេះ មេដឹកនាំអាស៊ី-អឺរ៉ុប នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។

បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន៖ (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់អាស៊ី-អឺរ៉ុប៕