(ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានផ្តាំឱ្យសមាជិកគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាននីមួយៗ ត្រូវលើកទឹកចិត្តដល់យុវជនតាមភូមិឃុំដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ ដើម្បីបន្តវេនឈរឈ្មោះជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។
ការថ្លែងបែបនេះរបស់ឯកឧត្តម វង សូត គឺក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តម វង សូត បានជំរុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាតាមមូលដ្ឋាន ត្រូវសម្លឹងមើលយុវជនខ្លួនឯងរបស់សមាជិកាគណបក្ស ដោយផ្អែកលើចំណេះដឹង បទពិសោធន៍ និងពង្រឹងសមត្ថភាពក្រុមយុវជន ដើម្បីបន្តវេនក្នុងការចូលរួមឈរឈ្មោះ ជាបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។
ឯកឧត្តមប្រធានបានបញ្ជាក់បន្ថែមថា យុវជនបច្ចប្បន្នគឺមានសមត្ថភាពទាំងផ្នែកបច្ចេកទេស និងចំណេះវិជ្ជាខ្ពស់ ខណៈសព្វថ្ងៃមានឱកាសចូលរៀនបណ្តុះបណ្តាល និងចូលរួមកិច្ចការងារសង្គមច្រេីន។ ដោយឡែក កងកម្លាំងធនធានមនុស្សគឺស្នូលមួយក្នុងប្រមើមើលយុវជននៅមូលដ្ឋាន លើសកម្មភាពផុសផុលលើចលនារបស់គណបក្ស និងមានប្រជាប្រិយភាពបន្ថែមទៀត និងជាពិសេសនោះសមាជិក-សមាជិកាបក្ស ត្រូវពិនិត្យមើលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណេីរការបោះឆ្នោតបានគ្រប់គ្នាៗ។
ឯកឧត្តម វង សូត បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» និងត្រូវរៀនរស់តាមគន្លងថ្មី ជាពិសេសនោះត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសេីរ។
សូមជម្រាបថា សម្រាប់ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ មានសរុប២០រូប តែជ្រេីសរេីសយកតែ៩រូបទេ ហេីយក្នុងនោះមានអង្គបោះឆ្នោតមានចំនួន១១៨រូប ដោយអង្គបោះឆ្នោតជ្រេីសរេីសយកតែ៩រូបទេ៕