សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត ១០០លានដុល្លារ


នៅព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយឯកឧត្តម វ៉ាង វិនធៀន (Wang Wen tian)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមា និតចិនប្រចាំនៅកម្ពុជា  បានអញ្ជើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងជិត ១០០ គីឡូម៉ែត្រ​ ។ ពិធី សម្ពោធនេះ រៀបចំធ្វើនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

តាមសុន្ទរកថាស្វាគមន៍និងរបាយការ ណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិ​លេខ១១ តភ្ជាប់រវាង​ខេត្តព្រៃវែងត្រង់​ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត​ត្បូង ឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង)។ ផ្លូវនេះ​មានប្រវែង​សរុប ៩៦គីឡូ ម៉ែត្រ ក្នុងនោះ​រួមមាន៖ ផ្លូវមេប្រវែង ៨៦,៨០៨ គីឡូម៉ែត្រ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែង ៩,១៩៤ គីឡូម៉ែត្រ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ស្ថិតនៅភូមិលេខ៤ ឃុំ ព្រែក ខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូង ឃ្មុំ ខេត្តត្បូងឃ្មុំ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ ទទឹងតួផ្លូវ ១១ ម៉ែត្រ និងបំពាក់ដោយស្លាកសញ្ញាចរចរណ៍ គូសគំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិ ភាពតាមដងផ្លូវផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បញ្ជាក់ថា កំណាត់ផ្លូវលេខ ១១ ជាផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដើម្បី​សម្រួល​ដល់ការ​ធ្វើចរាចរណ៍​បន្ថែមទៀត​រវាង​ខេត្តព្រៃ វែង និង​ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ​សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដោយចំណាយទឹកប្រាក់ចំនួនជិត ១០០លានដុល្លារអាមេរិក( ៩៨, ៣៨៨,០០០ ដុល្លារអាមេរិក) ជាហិរញ្ញប្ប ទានពីសាធារណរដ្ឋប្រជាមានិតចិន ចំណា យរយៈពេលសាងសង់​ចំនួន​៤៤ខែ គគិតចាប់ពីខែធ្នូ ឆ្នាំ​២០១៧ និង​​បញ្ចប់​នៅចុង ឆ្នាំ​២០២០។

ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពល រដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រ យោជន៍ទូទៅ និងយូរអង្វែង។ ផ្លូវជាតិលេខ១១នេះ នឹងក្លាយជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តព្រៃវែង និងខេត្ត ការដឹកជញ្ជូនទំនិញ អ្នកដំណើរ និងអ្នកទេសចរ ព្រមទាំងកសិផល និងដំណាំកសិឧស្សាហកម្មផ្សេងៗ ជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចនានាទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារ អន្តរជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ ផ្លូវនេះត្រូវបានចាត់ទុកថា ជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ និងជាផ្នែកមួយ យ៉ាងសំខាន់រួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធកស្តុភារកម្មនៅកម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មផ្ទៃក្នុង និងតំបន់។

តាមលក្ខណៈភូមិសាស្ត្រ ការស្ថាបនានិងលើកកម្រិតផ្លូវជាតិលេខ១១នេះឡើងវិញ គឺមិនត្រឹមតែជួយសម្រួលដល់ចរាចរណ៍ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងជួយបង្ការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់នាពេលអនាគតផងដែរ ជាក់ស្ដែងនៅត្រង់ចំណុច គ.ម០៩+០០០ ដល់ គ.ម១០+ ០០០ ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ និងគ.ម១៦+០០០ ដល់ គ.ម ១៩+000 ស្ថិតនៅភូមិបាបោង ឃុំបា បោង ស្រុកពាមរក៍ ត្រូវបានសាងសង់ដោយលើកតួផ្លូវ និងចាក់ដីបន្ថែមកម្ពស់ ១,៥ម៉ែត្រទៀត ដើម្បីទប់ទល់នឹងការជន់លិចស្ទើររៀងរាល់ឆ្នាំនៅរដូវវស្សា។

លើសពីនេះ ផ្លូវជាតិលេខ១១ ក៏ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មាន សក្តានុពលរបស់មហាអនុតំបន់មេគង្គ រួមមាន៖ ១-ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែន កម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម នៅច្រកបាវិត ដែលភ្ជាប់ផ្លូវជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និង ២-ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិលេខ៧ ភ្ជាប់ទៅនឹងផ្លូវ ជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លង កាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ ៤៕