រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមសិក្ខាសាលាពិសេសស្តីពី ការបម្រែបម្រួលអាកាសធាតុ តួនាទីរបស់គណបក្សនយោបាយនៅអាស៊ី ដើម្បីសម្រេចបាននូវអព្យាក្រឹត្យកាបូន (net zero)


នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមសិក្ខាសាលាពិសេសស្តីពី «ការបម្រែបម្រួលអាកាសធាតុ៖ តួនាទីរបស់គណបក្សនយោបាយនៅអាស៊ី ដើម្បីសម្រេចបាននូវអព្យាក្រឹត្យកាបូន (net zero)» តាមប្រព័ន្ធអ៊ីនធើណែត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានអង្គការICAPP ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយចំនួន ៣១ មកពី ២៣ ប្រទេស និងការចូលរួមថ្លែងសុន្ទរកថាគនឹ្លះដោយ ឯកឧត្តម Ban Ki-moon ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានកំណើនបៃតងសកល និងជាអគ្គលេខាធិការទី៨ នៃអង្គការសហប្រជាជាតិ។
សិក្ខាសាលានេះផ្តោតសំខាន់លើប្រធានបទពីរគឺ ១) ការជំរុញកិច្ចសហការរវាងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីសម្រេចបាននូវអព្យាក្រឹត្យកាបូន និង ២) ការលើកកម្ពស់ការឆ្លើយតបរបស់គណបក្សនយោបាយនៅថ្នាក់តំបន់ និងថ្នាក់សកល ដើម្បីសម្រេចបាននូវអព្យាក្រឹត្យកាបូន។
ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមកពីការបម្រែបម្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានរំលេចអំពីសកម្មភាពសំខាន់នានា ដែលកម្ពុជាបាននឹងកំពុងអនុវត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកភាពបៃតង ភាពធន់ និងប្រកបដោយចីរភាព។
ក្នុងនោះដែរ ឯកឧត្តមបានលើកឡើងថា ដើម្បីជំរុញការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍកាបូនកម្រិតទាបគណបក្សនយោបាយគួរសហការគ្នាក្នុងការ ១) បន្តបង្កើតបណ្តាញទំនាក់ទំនង និងការតភ្ជាប់រវាងបណ្តាគណបក្សនយោបាយមកពីប្រទេសកំពុងអភិវឌ្ឍន៍ ២) បង្កើនបណ្តាញរវាងគណបក្សមកពីប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ឱ្យកាន់តែសកម្ម ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តភាពជាដៃគូសម្រាប់ផលប្រយោជន៍រួម និង ៣) សហការជាមួយរដ្ឋាភិបាល និងស្ថាប័នពហុភាគីពាក់ព័ន្ធនៅក្នុងតំបន់ និងពិភពលោក ដើម្បីផ្តល់ជាធាតុចូលសម្រាប់គោលនយោបាយតំបន់និងអន្តរជាតិ សំដៅឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ជាកិច្ចបញ្ជប់ កិច្ចប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ស្តីពីការបម្រែបម្រួលអាកាសធាតុ។
ចុងបញ្ចប់ កិច្ចប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ស្តីពីការបម្រែបម្រួលអាកាសធាតុ។