សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)


នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានលើកឡើងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួប៦៦ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ឆ្លៀតនាឱកាសនេះផងដែរ សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕