ក្រសួងមហាផ្ទៃ បានប្រារព្ធសន្និបាតប្រចាំឆ្នាំ ដោយពិនិត្យមើលលើបញ្ហាប្រឈមនានា និងទិសដៅសម្រាប់អនាគតទៅមុខទៀត ក្នុងផែនការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
មហាសន្និបាតបានពិនិត្យបញ្ហាប្រឈមនានា ចាប់តាំងពីករណីសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម…ចរាចរណ៍… ករណីប្លន់ប្រដាប់អាវុធ… បញ្ហាគ្រឿងញៀន ។ល។ ក្នុងរយៈពេល ៣ថ្ងៃ ដោយមានការចូលរួមពីមន្ត្រីនគរបាលទូទាំងប្រទេស ពីបណ្តារាជធានី និងខេត្តទាំង២៥ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បង្ហាញកត្តាមួយ ដែលជាប់ទាក់ទងនឹងបញ្ហាចរាចរណ៍ ដែលបានបង្កអោយមានមនុស្សស្លាប់ និងរបួសជារៀងរាល់ថ្ងៃ និងដែលសមត្ថកិច្ចមិនទាន់រកឃើញប្រសិទ្ធភាពដោះស្រាយបាន នាពេលនេះ ។ បញ្ហាចម្បងនោះ គឺជាបញ្ហាល្បឿន ដែលបានចូលរួមចំណែក ៥០ភាគរយ នៃការធ្វើអោយមនុស្សស្លាប់ និងរងរបួស ។
កត្តាចរាចរណ៍ ត្រូវគេកត់សម្គាល់ថា មានចំនួនច្រើននៅក្នុង ខែមករា ឆ្នាំ ២០១៦ ដោយក្នុងមួយខែដើមឆ្នាំនោះ មានមនុស្សស្លាប់ចំនួន ១៨២នាក់ ស្មើនឹងស្លាប់ប្រមាណ ៦នាក់/ក្នុងមួយថ្ងៃ… ចំណែកអ្នករងរបួសមាន៩៥១នាក់ ស្មើនឹងជាង ៣០នាក់/ក្នុងមួយថ្ងៃផងដែរ ។ នៅក្នុង ខែកុម្ភៈ នេះវិញ ក្នុងរយៈ ៩ថ្ងៃ ដំបូងដែលរួមមានព្រឹត្តិការណ៍ចូលឆ្នាំចិន/វៀតណាម ផងដែរនោះ មនុស្សស្លាប់ដោយចរាចរណ៍មានចំនួន ៨៣នាក់ និងមានអ្នករងរបួសសរុប ២៥៨នាក់ ផងដែរ ។ ប៉ុន្តែក្រោយរយៈពេល ៩ថ្ងៃនោះមក ចំនួនមនុស្សដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះវិញ ។
ក្នុងបញ្ហាដទៃទៀតក្រៅពីកត្តាចរាចរណ៍ សម្តេចក្រឡាហោម បានមានប្រសាសន៍កត់សម្គាល់ថា បទល្មើសទូទាំងក្នុងប្រទេសមានការថយចុះ ៤ភាគរយ បើធៀបនឹងឆ្នាំមុន បើទោះបីជាមានបទល្មើសឧក្រិដ្ឋមានការកើនបន្តិចបន្តួច ប៉ុន្តែនគរបាលបានខិតខំបង្ក្រាបបទល្មើសបានរហូតដល់ ៨០ភាគរយ ។ សម្តេចក្រឡាហោមបានលើកពីកិច្ចប្រឹងប្រែង ការបណ្តេញបរទេសខុសច្បាប់ដែលមានចំនួនជាង ៥ពាន់នាក់ មានចំនួន ៥០សញ្ជាតិ… ករណីអគ្គអត្តសញ្ញាណកម្ម ដែលការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ក្នុងចំណោម ១០លាននាក់ គឺនៅសេសសល់តែចំនួន ៣លាន ៦សែននាក់ នោះទេ ដែលគេរំពឹងថា នឹងអាចរួចរាល់នៅមុនការបោះឆ្នោតអសកលឆ្នាំ ២០១៧ខាងមុខនេះ ។