កម្ពុជាចាប់ផ្តើមអនុវត្តកូតានាំចេញអង្ករ៤សែនតោនថ្មី ដែលផ្តល់ដោយមិត្តចិន


(ភ្នំពេញ)៖ កូតានាំចេញអង្ករថ្មីចំនួន៤សែនតោនថ្មី ដែលផ្តល់ដោយមិត្តចិន បានចាប់ផ្តើមអនុវត្តការនាំចេញ ចាប់ពីខែធ្នូ ឆ្នាំ២០២១នេះតទៅ ដែលមានរយៈពេលចំនួន១៧ខែ។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងផ្តល់កូតាថ្មី៤សែនតោន ត្រូវបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយការនាំចេញអនុវត្តចាប់ពីខែធ្នូតទៅ ដែលត្រូវបានកំណត់រយៈពេលជាក់លាក់១៧ខែ។ ជាមួយគ្នានេះ ភាគីទាំង២ កម្ពុជា-ចិន ក៏មានការឯកភាពគ្នាពង្រីកកូតាឡើងដល់ ៥សែនតោនផងដែរ។

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្កររូបនេះបានបន្តថា «ការផ្តល់កូតានាំចូលអង្ករពីកម្ពុជារបស់មិត្តចិន បានជួយជំរុញការអភិវឌ្ឍនវិស័យស្រូវអង្កររបស់កម្ពុជា។ ចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ មិត្តចិនបានផ្តល់កូតាចំនួន៦លើករួចមកហើយ»

ចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនជាប់លេខ១ ជាប្រទេសទិញអង្ករពីកម្ពុជា ច្រើនជាងគេ។

ចិនផ្តល់កូតានាំចូលអង្ករកម្ពុជា លើកដំបូងចំនួន១សែនតោន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤, លើកទី២ ចំនួន១សែនតោនដដែល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥, លើកទី៣ ចំនួន២សែនតោន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦, លើកទី៤ ចំនួន៣សែនតោន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨, លើកទី៥ ចំនួន៤សែនតោន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ និងលើកទី៦ ចំនួន៤សែនតោន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅរយៈពេល១១ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៣២ ១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៦៦ ៤១៤៧៩០ ដុល្លារ។
ប្រទេសចិនជាប្រទេសដែលកម្ពុជា បាននាំអង្ករទៅច្រើនជាងគេដែលមានចំនួន២៥.៦ម៉ឺនតោន ស្មើនឹង៤៩.៨៥% នៃការនាំចេញសរុប ដែលមានកំណើនកើនឡើងចំនួន១២.៩០%៕