ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ត្រូវបានសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ នេះបើតាមលទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា ទទួលបានពីឯកឧត្តម សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសកម្ពុជា មានភាពចាស់ទុំ និងរឹងមាំជាងគេនៅកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាល ដើម្បីបោះឆ្នោតជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់ខ្លួន។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលជ្រើសតាំងស្វែងរកការគាំទ្រពីសមាជិកគណៈកម្មាធិការកណ្តាលបក្សនាព្រឹកថ្ងៃនេះ គឺមានតែឯកឧត្តម ហ៊ុន ម៉ាណែត តែម្នាក់គត់ប៉ុណ្ណោះ។ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល៧៧៥នាក់ លើបរិមាណរួម៨៦៥រូប បានបោះឆ្នោតជាឯកឆន្ទគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តម ម៉ាណែត បានចាប់កំណើតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបវាលពិឃាតដ៏ឃោរឃៅគ្រប់គ្រងដោយ ប៉ុល ពត និងបក្ខពួក។ ពេលឯកឧត្តមចាប់កំណើតក្នុងផ្ទៃបានប្រមាណ ៥ខែ ឪពុករបស់ឯកឧត្តម គឺសម្តេចតេជោ ហ៊ុន សែន ក៏បានភាសខ្លួនយកជីវិតផ្សងនឹងគ្រោះថ្នាក់ទៅកាន់ប្រទេសវៀតណាម ស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។

ឯកឧត្តម ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ហើយត្រូវលាក់ខ្លួនពួនអាត្មា និងលាក់ប្រវត្តិជាមួយម្តាយ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ។ ឯកឧត្តម ម៉ាណែត និងម្តាយ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវលក់លាក់ប្រវត្តិនៅក្នុងស្រុកមេមត់រយៈពេលជិត២ឆ្នាំ។ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាយវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ឯកឧត្តម ម៉ាណែត និងម្តាយ បានឡើងមករាជធានីភ្នំពេញ ដើម្បីជួបជុំជាមួយឪពុក គឺសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។

បើតាមសម្តេចតេជោ ហ៊ុន សែន ការជួបឪពុកជាលើកដំបូងនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានហៅឪពុកខ្លួនឯងថា «ពូ» ព្រោះចាប់តាំងពីថ្ងៃខ្លួនកើត រហូតដល់អាយុជិតពីរឆ្នាំ គឺមិនដែលបានឃើញមុខឪពុកនោះឡើយ។

បន្ទាប់ពីបានជួបជុំគ្រួសារ ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានការបីបាច់ថែរក្សាយកចិត្តទុកដាក់បំផុតពីឪពុក និងម្តាយ។ ឯកឧត្តម ក៏ត្រូវបានឪពុកយកចិត្តទុកដាក់ខ្ពស់បំផុតលើការសិក្សាអប់រំរហូតក្លាយជាសិស្សឆ្នើមមួយរូប។ ឯកឧត្តម ហ៊ុន ម៉ាណែត បានក្លាយជាសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ មកពីវិទ្យាល័យភ្នំដូនពេញ។

ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅនៅក្នុងរាជធានីភ្នំពេញនាដើមទសវត្សរ៍ឆ្នាំ១៩៩០ហើយនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជាឪពុកបញ្ជូនទៅសិក្សារៀនសូត្រក្រេបចំណេះវិជ្ជានៅសហរដ្ឋអាមេរិក ក្នុងវ័យប្រមាណ១៦ឆ្នាំ។

ការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ជាពេលវេលាដែលឯកឧត្តម ហ៊ុន ម៉ាណែត បានលត់ដំខ្លួន និងម្ចាស់ការលើការរស់នៅដោយឃ្លាតឆ្ងាយពីឪពុក ម្តាយ មិនមានការមើលខុសត្រូវដិតដល់ដូចពេលរស់នៅក្នុងប្រទេសទៀតនោះឡើយ។ បើទោះរស់នៅដោយមិនមានការមើលថែស្តីប្រដៅដោយផ្ទាល់ពីឪពុកម្តាយ ក៏ឯកឧត្តម ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរ ដែលមានអត្តចរិត និងស្មារតីស្រឡាញ់ការសិក្សាខ្ពស់ ហើយបានស្វាធ្យាយប្រឹងប្រែងសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សា នៅសាលាល្បីៗរបស់អាមេរិកដូចជាសាលាយោធា West Point ជាដើម។

ឯកឧត្តម ហ៊ុន ម៉ាណែត ដើមឡើយគេតែងគិតថា ឯកឧត្តមជាអ្នកដែលទទួលបានការតម្រង់ទិសលើការសិក្សារៀនសូត្រពីសម្តេចតេជោ ហ៊ុន សែន ដើម្បីជាការតម្រែតម្រង់ឈានឆ្ពោះទៅកាន់តំណែងណាមួយលើកិច្ចការជាតិ។ ប៉ុន្តែការគិតនេះ បានផ្ទុយស្រឡះ ហើយក៏នាំឱ្យមានការភ្ញាក់ផ្អើលផងដែរ នៅពេលសម្តេចតេជោ ហ៊ុន សែន បានទម្លាយលិខិតសម្ងាត់មួយច្បាប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ លិខិតសម្ងាត់នេះ គឺជាលិខិតរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ សរសេរសុំការអនុញ្ញាតពីឪពុក ដើម្បីរៀនមុខវិជ្ជាដែលខ្លួនបានគិតទុកមុនរួចជាស្រេច។

ដើមឡើយគេដឹងត្រឹមថា ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសប៉ុណ្ណោះ។ តែតាមរយៈលិខិតសម្ងាត់ដែលសម្តេចតេជោ ហ៊ុន សែន បានទម្លាយ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលួចសិក្សារៀនសូត្រលើវិជ្ជាវិទ្យាសាស្ត្រនយោបាយផងដែរ។ ការសិក្សាលើវិជ្ជាវិទ្យាសាស្ត្រនយោបាយនេះ លោកស្នើសុំឪពុកមិនឱ្យប្រាប់នរណានោះឡើយ។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសឯកឧត្តម ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន៕