ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអនុញ្ញាតឱ្យមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ដុ ដែលធ្វើប្រតិបត្តិការក្នុងខេត្តក្រចេះទាំងអស់ ចូលជួបសម្តែង ការគួរសម និងសំណេះសំណាលនៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះបានមានប្រសាសន៍ថា ធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺជាដៃគូក្នុងការស្តារ និងកសាងប្រទេស ពិសេសគឺជាគ្រឹះដ៏រឹងមាំក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ ឯកឧត្ដមបញ្ជាក់ថា ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនិងប្រជាជន គឺជាដៃគូ មិនអាចខ្វះបាន។ ឯកឧត្ដម វ៉ា ថន បានលើកយកធនាគារអេស៊ីលីដា គឺជាគំរូជោគជ័យដល់ស្ថាប័នធនាគារ និងស្ថាប័ន មីក្រូហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិ បាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្ដមបញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជាបានទទួលរងឥទ្ធិពលពីការរីករាល ដាលជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់អត្រាទាបបំផុត បន្ទាប់ពីទទួលបានកំណើនយ៉ាងខ្ពស់ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ។ ស្របជាមួយនឹងវិធាន ការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ធនាគារជាតិ នៃកម្ពុជាបានគ្រប់គ្រងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវ វិធានការនិងគោលនយោបាយផ្សេងៗដូចជា ការរក្សាស្ថិរភាពតម្លៃ និងអត្រាប្តូរប្រាក់ បង្កើន ទុនបម្រុង អនុវត្តន៍គោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ ប្រព័ន្ធធនាគារ គាំទ្រដល់សេដ្ឋកិច្ចរូបវ័ន្ត ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើ ទស្សនៈអនាគត ព្រមទាំងការពង្រឹងការត្រួតពិនិត្យនិងវាយតម្លៃហានិភ័យជាដើម អនុញ្ញាតឱ្យ គ្រឹះស្ថានធនាគារនិងហិរញ្ញ វត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រ ដល់ប្រជា ពលរដ្ឋ និងអាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និង លើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួលនិងជំរុញសកម្មភាពសេដ្ឋ កិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ។
នៅក្នុងឱកាសជួបជាមួយមន្ត្រីធនាគារ និងប្រព័ន្ធមីក្រូហិរញ្ញវត្ថុនៅខេត្តក្រចេះ នោះ ដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានស្នើ ដល់ធនាគា និងស្ថាប័ន្ថមីក្រូហិរញ្ញ វត្ថុទាំងអស់ សូមពិនិត្យតាមដានឱ្យបានហ្មត់ចត់ច្បាស់លាស់លើឯកសារពាក់ព័ន្ធការផ្តល់កម្ចី និងការសងត្រឡប់មកវិញប្រកបដោយនីតិវិធី ការយោគយល់ ចរចា និងពន្យារពេលជូន ប្រជាជន ចៀសវាងការប៉ះពាល់លើទ្រព្យប្រជាពលរដ្ឋ៕

