ក្រសួងការបរទេស បង្ហាញនិមិត្តសញ្ញាសម្រាប់ប្រើប្រាស់ នៅក្នុងកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃអង្គារនេះ បានបង្ហាញអំពីនិមិត្តសញ្ញា សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២ ខាងមុខនេះ។

កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»

សម្រាប់វនិមិត្តសញ្ញាវិញ មានទម្រង់ត្របកឈូកគឺជាទម្រង់ក្បាច់ខ្មែរ តំណាងឱ្យភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាពដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង។ ពណ៌ទាំងបីនៅលើស្រទាប់របស់វា គឺបានមកពីពណ៌នៃទង់ជាតិកម្ពុជា ចំណែកពណ៌មាសតំណាងឱ្យពណ៌ និង ភាពចម្រុះនៃអាស៊ាន។

ស្មារតីស្នូលអាស៊ានឆ្នាំ២០២២ គឺភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា ហើយគោលបំណងសំខាន់៖ រក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។

ជាមួយនឹងការចាប់ផ្ដើមក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាមានការរំពឹងទុកទៅលើលទ្ធផលដូចជា៖ សេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយនឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត៕

និមិត្តសញ្ញា សម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២