អភិបាលខេត្ត កណ្ដាលអញ្ជើញបើកបវសនកាលឆ្នាំសិក្សា២០២១-២០២២


នៅថ្ងៃ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ដែរមានការអញ្ជើញពីលោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់។

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអបអរសាទរ និងសោមនស្សរីករាយក្រៃលែង ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅទូទាំងខេត្តកណ្ដាល។ ឯកឧត្ដម បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីសាមគ្គីភាព ភក្តីភាព និងមោះមុតក្នុងការឧបត្ថម្ភគាំទ្រ និងធានាផ្ដល់នូវការរៀនសូត្រតាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ។ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស នៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។

អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តន៍នូវទស្សនទានថ្មី គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ ដោយសូមគិតគូរអំពីជម្រើស និងអភិវឌ្ឍន៍ធនធានបង្រៀន និងរៀនឱ្យបានច្រើនសម្បូរបែប ដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតប និងរស់រវើក ។ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការ និងវិសហមជ្ឈការនៃសេវាអប់រំ។ ជាងនេះទៀត គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តន៍ តាមអភិក្រម “៣កុំ ៣ការពារ” ជាពិសេសសូមមានវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩៕