ស្ពានស្វាយជ្រុំ ភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ បានសិក្សាជិតចប់សព្វគ្រប់ហើយៗគ្រោងចាប់ផ្តើមនៅឆ្នាំ២០២៣


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានស្វាយជ្រុំ បានសិក្សាជិតចប់សព្វគ្រប់ហើយ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព មិនពិបាកឆ្លងសាឡាងដូចពេលបច្ចុប្បន្ន។

ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅស្វាយជ្រុំ ឥឡូវនេះសិក្សាជិតចប់សព្វគ្រប់ហើយ ដោយមានជម្រើសស្ពាន៣ប្រភេទ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ចំពោះទីតាំងតភ្ជាប់ក៏កំពុងស្ថិតក្នុងការសម្រេចផងដែរ ដោយមានជម្រើសពីរ គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន២។ ដូច្នេះទីតាំងណាដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិច ជាជម្រើសល្អ។

ឯកឧត្តមបញ្ជាាក់ថា « គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅស្វាយជ្រុំ ឥឡូវសិក្សាជិតចប់សព្វគ្រប់ហើយ ដោយមានជម្រើសស្ពាន៣ប្រភេទ មានស្ពានធម្មតា មានស្ពានខ្សែកាបិ៍ ដូចនៅអ្នកលឿង យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ដេញថ្លៃសាងសង់ស្ពាន »។

សូមជម្រាបថា ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា បានប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ។ បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឱ្យតំបន់នោះ ក្លាយជាទីក្រុងរណប នៅពេលខាងមុខ៕