រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ៖ ការសិក្សារៀនសូត្រ គឺអាចធ្វើបាននៅគ្រប់ទីកន្លែងទាំងអស់ រួមមាននៅសាលា នៅកន្លែងធ្វើការ ពីអ្នកជុំវិញខ្លួន និងពីសង្គម


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងថា ការសិក្សារៀនសូត្រ គឺអាចធ្វើបាននៅគ្រប់ទីកន្លែងទាំងអស់ រួមមាននៅសាលា នៅកន្លែងធ្វើការ ពីអ្នកជុំវិញខ្លួន និងពីសង្គម ពិសេសសិក្សាអំពីឧត្តមមានុភាពដែលមានកន្លងមក។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យកម្មសិក្សាការីវិក្រឹតការដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល រួមមាន មន្ត្រីថ្នាក់អគ្គនាយករង អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ជួបសម្ដែងការគួរសម កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២២ នៅការិយាល័យរបស់ឯកឧត្តមនៅទីស្តីការក្រសួងមុខងារសាធារណៈ។

ឯកឧត្តម ព្រុំ សុខា បានថ្លែងនូវការកោតសរសើរនិងអបអរសាទរជាមួយនឹងលទ្ធផលនៃការបញ្ចប់ការសិក្សាដ៏មានសារសំខាន់នេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការផ្ដាំផ្ញើ ដល់កម្មសិក្សាការីទាំងអស់ឱ្យយកចំណេះដឹងដែលបានមកពីការបណ្ដុះបណ្ដាលនេះ ដើម្បីយកមកអនុវត្តន៍ឱ្យបានជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយដល់ក្រសួងមុខងារសាធារណៈក្នុងការអនុវត្តមុខងាររបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការដោះស្រាយបាននូវបញ្ហាប្រឈម ឬការលំបាកដែលមនុស្សធម្មតាមិនអាចដោះស្រាយបាន គឺបានបង្ហាញពីភាពជាអ្នកដឹកនាំ និង ក៏ជានិយមន័យ ជាក់ស្តែងនៃ ភាពជាអ្នកដឹកនាំផងដែរ៕