មិនយូរទេ គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ដែលមានតម្លៃខ្ទង់លានដុល្លារ នឹងត្រូវចាប់ដំណេីរការសាងសង់ ក្នុងស្រុកក្រគរ


មិនយូរទេ ក្នុងឆ្នាំនេះ ហេីយ គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ នឹងត្រូវចាប់ដំណេីរការសាងសង់ ក្នុងស្រុកក្រគរ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្តផង និងជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា។

គម្រោងពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (វាលសម្តេចយស)។

នេះបេីតាមការបញ្ជាក់ឱ្យដឹង ពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាល និងនិមន្តព្រះសង្ឃប្រោះព្រំ ចម្រើនព្រះជន្មឆ្នាំថ្មី ជូនដល់លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ប្រមាណ៤០០នាក់ នាថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២២នេះ។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «មិនខុសពីឆ្នាំនេះទេ នឹងមានការបុគគ្រឹះសាងសង់ មជ្ឈមណ្ឌលពហុកីឡាដ្ឋាន សម្តេចតេជោ នៅវាលយន្តហោះសម្តេចយសនេះហេីយ, បច្ចុប្បន្ននេះយេីងបានដោះស្រាយបញ្ហាទំនាស់ដីធ្លី និងបានដោះស្រាយសំណងផលប៉ះពាល់បានរួចរាល់ហេីយដែរ ។ សំណង់ពហុកីឡដ្ឋាននេះ នឹងក្លាយជាពហុកីឡដ្ឋានដែលធំជាងគេ បង្អស់ សម្រាប់ភូមិភាព រាប់គិតចាប់ពីខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបង»

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា «យេីងក៏បានឈូសឆាយ ចាក់ដីរួចរាល់ និងបន្តធ្វេីរបងឱ្យបានឆាប់បំផុត មុននឹងឈានដល់ការសាងសង់ ។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បាននឹងរៀបចំធ្វេីផ្លូវក្រាលកៅស៊ូ ប្រវែងជិត៣គីឡូម៉ែត្រ នៅរ៉បនឹងទីតាំងពហុកីឡដ្ឋាន នេះ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅវត្តសម្តេចយស ដែលគម្រោងនេះ នឹងចាប់ដំណេីរនៅខែកុម្ភៈឆាប់ៗខាងមុខ»

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពគាំទ្រ ទាំងស្រុង ក្នុងសាងសង់ពហុកីឡដ្ឋានថ្មីនេះ ឡេីង ក្នុងឱកាសដែលសម្តេចអញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការនី នៅរោងចក្រ សហគ្រាសនានា ក្នុងខេត្តពោធិ៍សាត់។ ពហុកីឡដ្ឋាននេះសាងសង់ឡេីង ដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតំបន់អាស៊ាន «Sea Game» នៅឆ្នាំ២០២៣។ ពហុកីឡាដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត ។ល៕