អភិបាលខេត្ត អញ្ជើញពិនិត្យទីតាំងដាំដើមឈើ សម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន


រសៀលថ្ងៃ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញពិនិត្យទីតាំងរៀបចំដាំដើមឈើ ដោយមានការចូលរួមដាំដើមឈើដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅសិលាបណ្ដាសារ ជិតដើមឈើចាំស្នេហ៍ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការសំណេះសំណាលទៅកាន់សិស្សានុសិស្សដែលជាយុវជនកាកបាទក្រហម និងកាយរឫទ្ធិ ដោយគូសបញ្ចាក់ថា ខេត្តព្រះសីហនុ មានកិត្តិយសរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ហើយក្នុងកម្មវិធីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏មានកម្មវិធីដាំដើមឈើ ដែលយើងបានជ្រើសរើសយកទីតាំងនេះធ្វើការដាំដើមឈើ ដោយមានរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងថ្នាក់ដឹក នាំក្រសួង និងខេត្តរបស់យើងចូលរួមក្នុងកម្មវិធីនេះ ចាំបាច់ត្រូវមានក្មួយៗចូលរួមពាក់ព័ន្ធនឹងការងារសង្គម និងការងារបរិស្ថាន ។ ម្យ៉ាងទៀតជាការចែករំលែកបទពិសោធន៍ អ្វីទៅអាស៊ាន? ហើយអ្វីទៅរដ្ឋ មន្ត្រីទេសចរណ៍អាស៊ាន? បើយើងនិយាយអំពីទេសចរណ៍ យើងមកនាំគ្នាដាំដើមឈើ ព្រោះទេសចរណ៍ និងបរិស្ថានវាមានការផ្សាភ្ជាប់គ្នា។ ថ្ងៃនេះក្មួយៗនៅរៀន មិនដឹងថ្ងៃក្រោយក្មួយៗអាចក្លាយជារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ។ ដូច្នេះដើម្បីឱ្យមានការទំនាក់ទំនងគ្នាក្មួយៗត្រូវចូលរួមការងារសង្គម។ ការចូលរួមនេះក៏មានការពាក់ព័ន្ធនៅពេលដាំដើមឈើ ក្មួយៗអាចជួយរៀបចំទុកដាក់ ស្រោចទឹក។ ម្យ៉ាងទៀតទាក់ទងនឹងការងារបច្ចេកទេសដាំ មន្ទីរកសិកម្មជាអ្នកទទួលខុសត្រូវ និងមានមន្ត្រីទេសចរណ៍ ដែលមានបទពិសោធន៍ ក្នុងកិច្ចសហការរៀបចំកម្មវិធីព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ពួកគាត់នឹងជួយសម្របសម្រួលបច្ចេកទេស ផ្សាភ្ជាប់ការដកស្រង់បទពិសោធន៍ ក្នុងការងារសង្គមជាមួយរដ្ឋមន្ត្រីអន្តរជាតិនេះផង។ នេះក៏បង្ហាញពីមោទនភាព តម្លៃ សីលធម៌របស់យុវជនកម្ពុជារបស់យើង ឱ្យអន្តរជាតិបានឃើញ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា ក្មួយៗនឹងចូលរួមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រក្សាបាននូវសេចក្តីថ្លៃថ្នូរ រក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាព និងជាមោទនភាពរបស់យើងទាំងអស់គ្នា ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសិស្សក្នុងម្នាក់ ៥ម៉ឺនរៀលផងដែរ ៕