គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បង្ហាញលទ្ធផលប្រឡងប្រណាំងទីក្រុងទេសចរណស្អាតអាស៊ានលើកទី៣, កម្ពុជាជាប់៣ក្រុង


ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៤។ នេះបើតាមសេចក្តីជូនដំណឹង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ អំពីលទ្ធផលនៃការប្រឡងប្រណាំងទីក្រុងទេសចរណស្អាតអាស៊ានលើកទី៣ បើបណ្ដាញព័ត៌មាន ទទួលបាន។

ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នេះ គ្រោងនឹងចែកនៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ ជូនដល់ទីក្រុងទេសចរណ៍ចំនួន ២១ នៅក្នុងបន់អាស៊ាន។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិត តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ ការណ៍នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានអះអាងទៀតថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦ ២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។ ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ឋភាពដល់ ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

គួរបញ្ជាក់ថា ស្ដង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ និងដោយមានការគាំទ្រ ពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្ដង់ដានេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តន៍ជាផ្លូវការកាលពី វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥៕