ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមត្តេយ្យសិក្សាមួយខ្នង នៅសាលាបឋមសិក្សាវត្តគរ


នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា ០១ខ្នង មាន០៣បន្ទប់ នៅសាលា បឋមសិក្សាវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះម្ចាស់អំណោយ ដែលបានផ្ដួចផ្ដើមសាងសង់អគារមត្តេយ្យថ្មីនេះឡើង និងសប្បុរសជនទាំងអស់ ដែលបានចូលរួមសាងសង់អគារមត្តេយ្យថ្មីសម្រាប់ សិស្សានុសិស្ស តូចៗអាចមកសិក្សានៅទីនេះ ប្រកបដោយមានសុវត្ថិភាព និងភាពកក់ក្ដៅ។ អគារមត្តេយ្យ ថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលចូលរួមសម្រួលបង្កលក្ខណៈដល់សិស្សានុសិស្ស តូចៗបានមួយកម្រិតទៀត។

ឯកឧត្តមបានបន្តទៀតថា ថ្នាក់មត្តេយ្យសិក្សាគឺជាគ្រឹះមួយ ដើម្បីត្រៀមខ្លួនចូលបឋម សិក្សា មិនថាកម្រិតណាក៏ដោយ ក៏ទាមទារឱ្យមានគ្រឹះចាប់ពីក្រោមឡើងទៅទើបការសិក្សា ប្រកបដោយគុណភាព។ ឯកឧត្តម បានជំរុញដល់សិស្សានុសិស្សទាំងអស់គ្រប់កម្រិត ត្រូវខិតខំរៀនសូត្រចាប់ពីថ្នាក់ក្រោម រហូតដល់ឧត្តមសិក្សា ដើម្បីបង្កើតបានជាធនធាន មនុស្ស ដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។

ដោយមើលឃើញ សាលាបឋមសិក្សាវត្តគរ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងខ្វះ ខាតបន្ទប់សិក្សាតាំងពីឆ្នាំ២០១៩មក ដូចនេះ គណៈកម្មការគ្រប់គ្រងសាលាបឋម សិក្សាវត្តគរ មានគំនិតផ្ដួចផ្ដើម កសាងអគារ មត្តេយ្យថ្មី១ខ្នង ស្មើ៣បន្ទប់ ធ្វើអំពីថ្ម ប្រក់ស័ង្គសី និងបង្គន់ អនាម័យ១ខ្នង មាន៣បន្ទប់ ធ្វើអំពីថ្ម ដោយចំណាយថវិកាសរុប ៦៩ ៩១៨ ដុល្លារសហរដ្ឋ អាមេរិក ក្នុងនោះសប្បុរសជនចូលរួមថវិកាចំនួន ៩៣៩៩ ដុល្លារសហរដ្ឋអាមេរិក៕